Khmer First Close

សម្តេច ឃួន សុដារី៖ កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួមិនត្រឹមតែបញ្ចប់នូវជម្លោះបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខដុមរមនា និងវិបុលភាពរួម

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 209
សម្តេច ឃួន សុដារី៖ កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួមិនត្រឹមតែបញ្ចប់នូវជម្លោះបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខដុមរមនា និងវិបុលភាពរួម សម្តេច ឃួន សុដារី៖ កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួមិនត្រឹមតែបញ្ចប់នូវជម្លោះបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខដុមរមនា និងវិបុលភាពរួម

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំតុមូល នៃវេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រារព្ធធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារំាង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងពីការឯកភាពរបស់កម្ពុជា-ថៃ លើកិច្ចព្រមព្រៀងសន្តិភាព ដោយមានការជួយសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងដោយមានការជួយគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។

ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពនេះ បានបិទទំព័រមួយដ៏លំបាក និងបើកនូវសករាជថ្មីមួយ ដែលមិនត្រឹមតែបញ្ចប់នូវជម្លោះនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាពដោយដោះស្រាយនូវមូលហេតុនៃជម្លោះ និងបង្កើតលក្ខណ្ឌដ៏ចាំបាច់ សម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខដុមរមនា និងវិបុលភាពរួម។

សម្តេចប្រធានរដ្ឋសភា បានបន្តថា គោលការណ៍ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព គឺគោលការណ៍ដែលកម្ពុជាបានប្តេជ្ញាចិត្តដោយមោះមុត។ ទោះបីជាវាលំបាក ឬសាំញុំាប៉ុណ្ណាក៏ដោយ ជម្លោះនេះត្រូវតែដោះស្រាយតាមមធ្យោបាយសន្តិភាពដោយគោរពទាំងស្រុងតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិដែលមានជាធរមាន។

កិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ដើម្បីផ្លាស់ប្តូរទស្សនៈដោយភាពស្មោះត្រង់ និងបើកចំហលើបញ្ហាប្រឈមដ៏សំខាន់បំផុតដែលពិភពលោកកំពុងជួបប្រទះ។ កិច្ចប្រជុំតុមូលបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ៖ «ចំពោះមុខនៃការបែកបាក់៖ អធិបតេយ្យភាពក្នុងកាលៈទេសៈដែលសណ្តាប់ធ្នាប់ពិភពលោកមានការបែកខ្ញែក»។

ក្រោយពីការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា សមាជិកចូលរួមកិច្ចប្រជុំ បានសម្តែងការអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃ។ កិច្ចប្រជុំវាយតម្លៃខ្ពស់ចំពោះសន្តិភាព។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា កម្ពុជាជាប្រទេសតូច កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិដើម្បីការពារផលប្រយោជន៍ជាតិ។ ជាប្រទេសតូច មិនមែនមានន័យថា យើងមិនមានសិទ្ធិស្វ័យសម្រេចឡើយ ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិភាព និងគោលនយោបាយការបរទេសជាគោល។

មុននឹងបញ្ចប់ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកនូវយោបល់ចំនួន ៣ ចំណុចដល់កិច្ចប្រជុំរួមមាន៖
១) យើងត្រូវវិនិយោគជាប្រចាំលើការកសាងសន្តិភាព ការទូតបង្ការ និងការគ្រប់គ្រងវិបត្តិដោយប្រសិទ្ធភាព
២) យើងត្រូវពង្រឹងប្រព័ន្ធពហុភាគីនិយមមានភាពបើកចំហ បរិយាបន្ន និងច្បាប់ជាធំ
៣) យើងត្រូវលើកកម្ពស់អភិក្រមនិយមកណ្តាល យកប្រជាជនជាគោលក្នុងការគ្រប់គ្រងវិបត្តិ និងដោះស្រាយជម្លោះ លើកកម្ពស់របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ៕

អត្ថបទទាក់ទង