Khmer First Close

ការវាស់វែងព្រំដែនត្រូវផ្អែកលើច្បាប់អន្តរជាតិ មិនមែនតាមអារម្មណ៍ជាតិនិយមជ្រុល ឬធ្វើតាមការញុះញង់របស់អ្នកប្រើប្រាស់បណ្តាញសង្គមទេ

ដោយ៖ សម្បត្តិ កិត្យា ​​ | 6 ម៉ោងមុន ទស្សនៈ - នយោបាយ 231
ការវាស់វែងព្រំដែនត្រូវផ្អែកលើច្បាប់អន្តរជាតិ មិនមែនតាមអារម្មណ៍ជាតិនិយមជ្រុល ឬធ្វើតាមការញុះញង់របស់អ្នកប្រើប្រាស់បណ្តាញសង្គមទេ ការវាស់វែងព្រំដែនត្រូវផ្អែកលើច្បាប់អន្តរជាតិ មិនមែនតាមអារម្មណ៍ជាតិនិយមជ្រុល ឬធ្វើតាមការញុះញង់របស់អ្នកប្រើប្រាស់បណ្តាញសង្គមទេ

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា–ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៥ គឺជាចំណុចបញ្ចប់នៃភាពតានតឹងជាយូរឆ្នាំតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ កិច្ចព្រមព្រៀងនេះមិនត្រឹមតែជាសញ្ញានៃការសង្រ្គោះសន្តិភាពនយោបាយទេ ប៉ុន្តែជាចំណុចផ្លាស់ប្តូរប្រវត្តិ សាស្ត្រមួយ ដែលធ្វើឲ្យប្រទេសទាំងពីរឈានចូលក្នុងកិច្ចសហការណ៍ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ដំណាក់កាលថ្មីមួយ។

ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខារួច មានសញ្ញានៃការពិភាក្សានយោបាយ មួយ ចំនួនត្រូវបានគេលើកយកមកពិភាក្សាយ៉ាងផុលផុសទៅតាមអារម្មណ៍ជាតិនិយម ឬការយល់ឃើញ រៀងៗខ្លួនរបស់ប្រជាជននៃប្រទេសទាំងពីរនៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាតបានផ្តើមឡើងនៅលើវេទិកាសាធារណៈដ៏ពេញនិយមនេះ។ ការជជែកវែកញែកតាមបណ្តាញសង្គម និងការបកស្រាយ ផ្ទាល់ ខ្លួនអំពី “ទឹកដីដែលត្រូវបាត់បង់ ឬត្រូវទទួលបាន” បានក្លាយជាបាតុភូតនយោបាយថ្មីមួយ ដែលបញ្ជាក់ពី ភាពមិនទាន់ទូលំទូលាយនៃការយល់ដឹងអំពីដំណើរការផ្លូវការនៃការវាស់វែងនិងនីតិវិធីនៃការបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់នៅឡើយ។

ការកំណត់ និងការវាស់វែងព្រំដែនជាដំណើរការរយៈពេលវែង ដែលមានសមាសធាតុរួមផ្សំជាច្រើនដូចជា ច្បាប់ ប្រវត្តិសាស្ត្រ បច្ចេកទេស និងការទូតដោយប្រទាក់ក្រឡាគ្នា គឺមិនអាចកាត់ផ្តាច់ចេញ ពីគ្នាបាន ឡើយ។ តាមប្រព័ន្ធអន្តរជាតិ ការសម្រេចចុងក្រោយនៃការវាស់វែងបង្គោលព្រំដែនត្រូវអនុវត្តតាមនីតិវិធី ស្ដង់ដាររបស់គណៈកម្មកាកិច្ចការរព្រំដែនរួម JBC ដែលមានសមត្ថកិច្ចតែប៉ុណ្ណោះក្នុងការសម្រេចបញ្ហានេះបាន គឺពុំមានយន្តការ ឬសមត្ថកិច្ចអ្នកផ្សេងត្រូវធ្វើនោះទេ។ តួយ៉ាងដូចជាការលើកឡើងដោយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ថា ទាំងកម្ពុជា និងថៃសុទ្ធតែមានតំបន់ដែលរំលោភចូលគ្នាទៅវិញទៅមក ដែលនេះជាការបង្ហាញពីភាពស្មោះត្រង់នយោបាយ និងទស្សនៈអន្តរជាតិសមរម្យមួយដែលអាចទទួលយកបាន។ ពាក្យថា “ប្រសិនបើមានការព្រមព្រៀងជាផ្លូវការ តំបន់ណាដែលរំលោភចូលត្រូវប្រគល់ត្រឡប់វិញ” មិនមែនជាសញ្ញានៃការបាត់បង់ទឹកដីទេ ប៉ុន្តែជាការទទួលស្គាល់សិទ្ធិនៃប្រទេស ជិតខាងស្របតាមច្បាប់អន្តរជាតិ និងផែនទីប្រវត្តិសាស្ត្រដែលមានសុពលភាពជាផ្លូវការ។
នេះជាការផ្លាស់ប្តូរគំនិតនយោបាយដ៏សំខាន់មួយ ពីការអនុវត្តន៍បែបអារម្មណ៍ និងជាតិនិយមជ្រុល ឬ ប្រើកម្លាំងយោធា ងាកទៅរកនយោបាយផ្អែកលើច្បាប់ និងសុចរិតភាពនយោបាយអន្តរជាតិ។

សង្គមប្រជាធិបតេយ្យទំនើបមួយ ការបញ្ចេញមតិជាសាធារណៈគឺជាសិទ្ធិស្របច្បាប់ ប៉ុន្តែការបញ្ចេញ មតិដែលផ្អែកលើអារម្មណ៍ជាតិនិយម ឬមិនមានមូលដ្ឋានផ្លូវច្បាប់អាចបំផ្លាញទិសដៅនៃការរក្សាសន្តិ ភាពបាន។
ដូច្នេះការពិភាក្សាវែកញែក និងបញ្ចេញមតិតាមសារព័ត៌មាន ឬបណ្តាញសង្គមអំពីបញ្ហាព្រំដែន គឺគួរត្រូវ ផ្អែកលើការយល់ដឹងអំពីច្បាប់អន្តរជាតិ និងឯកសារផ្លូវការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរជាមុនសិន។

គួរបញ្ជាក់ផងដែរថា បញ្ហាកិច្ចការព្រំដែនមិនមែនជាភារកិច្ចនិងតួនាទីដែលត្រូវធ្វើរបស់យោធា ឬប្រជា ជនឡើយ ប៉ុន្តែជាការងាររបស់គណៈកម្មាធិការកិច្ចការព្រំដែនផ្លូវការនៃប្រទេសទាំងពីរទេដែលមានសមត្ថកិច្ច និងត្រូវបានអនុវត្តស្របតាមច្បាប់និងភារកិច្ចដែលបានប្រគល់ឲ្យនៃប្រទេសសាម៉ីទាំងពីរ។

សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃ មិនត្រឹមជាសារផ្ទាល់ខ្លួនទេ ប៉ុន្តែជាសញ្ញានៃការប្តេជ្ញារបស់រដ្ឋា ភិបាលថៃក្នុងការរក្សាសន្តិភាពតាមផ្លូវការទូត។ វាបញ្ជាក់ថា ថៃចាប់ផ្តើមទទួលស្គាល់តម្លៃនៃសន្តិភាព ជា អាទិភាពជាងការបង្ហាញអំណាចយោធា។

ការលើកឡើងពីការផ្តល់ដីស្នាក់នៅសម្រាប់ប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ បង្ហាញពីការគោរពសិទ្ធិ មនុស្ស និងសុវត្ថិភាពសង្គម ជាផ្នែកមួយនៃគោលនយោបាយបែបមនុស្សធម៌។ វាផ្តល់សញ្ញាថា ការគ្រប់ គ្រងព្រំដែនមិនមែនត្រឹមតែបញ្ហាផែនទីទេ ប៉ុន្តែជាបញ្ហានយោបាយមនុស្សនិងសង្គមដែលត្រូវដោះស្រាយដោយភាពយល់ដឹង និងការទទួលខុសត្រូវរួម។

ដំណើរនេះបង្ហាញថា អនាគតនៃទំនាក់ទំនងកម្ពុជា–ថៃ នឹងផ្អែកលើការសហការផ្លូវច្បាប់ និងការគោរព ច្បាប់អន្តរជាតិជាមូលដ្ឋាន។ កិច្ចព្រមព្រៀងសន្តិភាពគួឡាឡាំពួ មិនមែនជាសកម្មភាពចុងក្រោយទេ ប៉ុន្តែ ជាការចាប់ផ្តើមនៃជំហានក្នុងយុគសម័យថ្មី មួយដែលអាចនាំឲ្យមានការស្តារជឿទុកចិត្ត និងការអភិវឌ្ឍ សេដ្ឋកិច្ចតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ កន្លងមកនិងរហូតមកដល់ពេលបច្ចុប្បន្នក៏ដូចជាសម្រាប់អនាគត គេបានដឹងថា យន្តការដោះស្រាយបញ្ហា ព្រំដែនផ្អែកតាមច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី គឺជាគោលជំហររបស់រដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់មកជានិច្ច។

ប្រសិនបើប្រទេសទាំងពីរអាចបន្តដំណើរនេះដោយគោរពច្បាប់ និងគោលការណ៍សន្តិភាពអន្តរជាតិ នោះ បញ្ហាព្រំដែនដែលធ្លាប់ជាបញ្ហាស្មុគស្មាញរាំរ៉ៃជាយូរឆ្នាំមកហើយនោះនឹងអាចក្លាយជាចំណុចសហប្រតិ បត្តិការនយោបាយ និងសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់តំបន់បាន។

ការវាស់វែងព្រំដែនគឺជាការងារផ្លូវការដែលត្រូវអនុវត្តតាមច្បាប់អន្តរជាតិ និងការព្រមព្រៀងជាផ្លូវការ មិន មែនតាមអារម្មណ៍ ឬការបកស្រាយតាមការនឹកស្មានឬការគិតតាមអារម្មណ៏នោះទេ។ កិច្ចព្រមព្រៀងសន្តិ ភាពទីក្រុងគួឡាឡាំពួ និងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃ បានបង្ហាញថា សន្តិភាពអាចរកបាន តែតាមមធ្យោបាយនយោបាយ និងការយោគយល់គ្នាតែប៉ុណ្ណោះ។

ដូច្នេះប្រទេសទាំងពីរត្រូវតែបន្តការសហការណ៍ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ផ្សះផ្សាផ្លូវចិត្ត និងអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធ ដើម្បីឲ្យព្រំដែនកម្ពុជានិងថៃអាចក្លាយជាស្ពានសន្តិភាព មិត្តិភាពមិនមែន ជារបាំងឬជាឧបសគ្គដោយប្រឈមមុខដាក់គ្នាលើជម្លោះនៃការបែងចែកទឹកដីនៃប្រទេសទាំងពីរបន្តទៀតនោះទេ៕

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង