សន្តិភាពក្រោមចុងប៊ិចការទូត៖ ប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សន្តិភាពក្រោមចុងប៊ិចការទូត៖ ប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
ការបញ្ចប់ស្នូរគ្រាប់កាំភ្លើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោមអំណាចនៃចុងប៊ិចការទូតគឺជាសមិទ្ធផលនយោបាយដ៏សំខាន់មួយដែលកម្ពុជា មិនត្រឹមតែរក្សាបាននូវសន្តិភាពទេ ប៉ុន្តែអាចផ្លាស់ប្ដូរពីភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយដ៏រាំរ៉ៃជាយូរឆ្នាំមកហើយនោះក្លាយទៅជារបត់នយោបាយការទូតថ្មីសន្លាងមួយដ៏គួរជាទីកត់សម្គាល់លើឆាកអន្តរជាតិ។
កិច្ចព្រមព្រៀងសន្តិភាពនេះ មិនត្រឹមតែអាចបញ្ចប់ការបង្ហូរឈាមគ្នារវាងប្រទេសជិតខាងទំាងពីរទេ ប៉ុន្តែក៏បង្ហាញជាសញ្ញាផ្លូវការនៃការចាប់ផ្តើមយុគសម័យថ្មីនៃការចងក្រងទំនាក់ទំនងសន្តិភាព ការទូត និងសហប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជាថៃផងដែរ។
យុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាបែបផែននយោបាយការបរទេសដែលផ្អែកការចាប់អារម្មណ៍លើលទ្ធផលជាក់ស្តែងជាជាងការបង្ហាញឥទ្ធិពលតាមតែពាក្យសម្តីឬការសន្យាដែលមិនមែនជាការពិតគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៏ឬដើម្បីតែការចង់បានប្រជាប្រិយភាព។
បើងាកមើលទៅប៉ុន្មានខែមុននេះ កម្ពុជាបានប្រឈមមុខខាងសម្ពាធយោធាយ៉ាងខ្លាំងចំពោះ ការរំលោភបំពានព្រំដែន និងសកម្មភាពបែបជាតិនិយមឈ្លានពានពីសំណាក់យោធាថៃ ព្រមទាំងបានទទួលរងសម្ពាធផងដែរពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេសដែលមិនទាន់បានយល់ច្បាស់នូវអ្វីទៅដែលហៅថាយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” នេះ ។ ទើបតែពេលនេះទេ ដែលប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានយល់អំពីយុទ្ធសាស្ត្រនេះ ព្រមទាំងពោលពាក្យកោតសរសើរអំពីការដឹកនាំដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃបានដោយមានប្រសិទ្ធភាពប្រកបដោយភាពប៉ិនប្រសប់និងឈ្លាសវៃគួរឲ្យគោរពកោតសរសើរ។
ម្យ៉ាងការឆ្លើយតបដោយមិនប្រើកម្លាំងយោធា កម្ពុជាបានប្រើវិស័យការទូតជំនួសយ៉ាងស្ទាត់ជំនាញប្រកបដោយភាពបត់បែននិងស្ងប់ស្ងាត់ ដោយឈរលើស្មារតីសន្តិភាព ដើម្បីធ្វើសកម្មភាពយ៉ាងមុតស្រួចស៊ីជម្រៅនិងខ្ទរខ្ទារលើកិច្ចការការទូតអន្តរជាតិបានដោយជោគជ័យ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន និងការគាំទ្រធ្វើជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បង្ហាញឲ្យឃើញថា កម្ពុជាអាចបំលែងជម្លោះទ្វេភាគីឲ្យក្លាយទៅជាបញ្ហាដែលជាកង្វល់សមាគមអាស៊ាន អន្តរជាតិនិងសហរដ្ឋអាមេរិកថែមទៀតផង។ វាក៏ជាប្រសិទ្ធភាពមួយក្នុងការរកសន្តិភាពឲ្យជាតិដោយប្រើប្រាស់ឧបករណ៍នយោបាយការបរទេសជំនួសការប្រើអាវុធដើម្បីបញ្ចប់សង្គ្រាមបានដោយជោគជ័យ។
សន្តិភាពដែលបានកើតឡើងនៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះគឺជាសមិទ្ធផលដ៏ធំធេងនៃសមត្ថភាពនយោបាយការទូត និងស្មារតីនៃការយកចិត្តទុកដាក់របស់អាស៊ានផងដែរ ដោយអាស៊ានតែងតែយកចិត្តទុកដាក់លើគោលការណ៍ សន្តិភាពតំបន់ ដោយចាប់ផ្តើមចេញពីភាពស្ងប់ស្ងាត់និងសន្តិភាពរវាងប្រទេសជិតខាងដែលអាចរួមរស់ជាមួយគ្នាដោយសន្តិភាពនិងការសហប្រតិបត្តិការល្អជាមួយគ្នា។
ការចូលរួមរបស់ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិកគឺជាការបង្ហាញពីការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះការកសាងសន្តិភាពនៅអាស៊ីអាគ្នេយ៍ផងដែរ។
ពេលនេះ កម្ពុជាបានបង្ហាញ “អំណាចទន់” (Soft Power) ដោយប្រើការទូត បញ្ញា និងភាពអត់ធ្មត់ ជាត្រីវិស័យជាជាងការប្រើកម្លាំងយោធា។ នេះជាសញ្ញានៃសមត្ថភាពនយោបាយក្នុងសម័យថ្មី ដែលបង្ហាញពីសារសំខាន់នៃអំណាចពិតប្រាកដស្ថិតនៅលើការយល់ដឹង និងការយកចិត្តទុកដាក់ដោះស្រាយដោយឈរលើឆន្ទៈនៃការតម្កល់ផលប្រយោជន៏ជាតិនៃប្រទេសទាំងពីរ។
ការបញ្ចប់សង្គ្រាមដោយស្នូរគ្រាប់កាំភ្លើងមិនមែនជាទីបញ្ចប់នៃជម្លោះទេ ប៉ុន្តែការចាប់ផ្តើមនៃការកសាងអនាគតរួមនិងការរស់នៅដោយសន្តិវិធីក្នុងនាមជាប្រទេសជិតខាងល្អទើបជាជម្រើសដែលកម្ពុជាជ្រើសរើសយកមកអនុវត្ត។
ព្រំដែនកម្ពុជា-ថៃអាចក្លាយជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ បានប្រសិនបើប្រទេសទាំងពីរអាចរក្សាបាននូវភាពស្មោះត្រង់ចំពោះសេចក្តីសន្យាដោយគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ។
យុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” បានបង្ហាញថា ការទូតដ៏ស្ងប់ស្ងាត់ដែល អាចមានឥទ្ធិពលអំណាចលើស្នូរគ្រាប់កាំភ្លើង។ ព្រោះនៅពេលដែលចុងប៊ិចការទូតបោះជំហានចុងក្រោយ នោះហើយគឺជាទីអវសាននៃជម្លោះបានកើតឡើងជាផ្លូវការ ដោយពេលនោះហើយដែលសន្តិភាពអាចនឹងរកបានដោយមិនចាំបាច់ត្រូវចំណាយអាយុជីវិតមនុស្សនិងគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់។
និយាយជារួម នេះជាការប្រមូលផលដើមរដូវ(ក្នុងអាណត្តិ)នៃការគ្រប់គ្រងប្រទេសនិងក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ថ្មីនៃសម័យ”សម្តេចតេជោ-ធិបតី”និងក៏ជាការដាក់ចេញនូវយុទ្ធសាស្ត្រដ៏ថ្មីសន្លាងមួយដែលកម្ពុជាមិនធ្លាប់ប្រើទាល់តែសោះក្នុងការដោះស្រាយជម្លោះ ជាពិសេសជម្លោះជាមួយប្រទេសជិតខាង នេះតែម្តង នោះហើយគឺជាយុទ្ធសាស្ត្រ ”ស្ងាត់ តែមិនស្ងៀម” របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ដែលសម្រេចបានលទ្ធផលដ៏ធំធេងដោយនាំមកនូវសុខសន្តិភាពជូនជាតិនិងមាតុភូមិ ដែលប្រជាពលរដ្ឋទូទាំងប្រទេសទទូចចង់បាន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃជាប្រវត្តិសាស្ត្រក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងមកនេះ។
នេះជាការរក្សាឲ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសផង និងទាំងជាមួយប្រទេសជិតខាងផង ដែលគុណតម្លៃដ៏លេចធ្លោរនេះគឺជា អាទិភាពកំពូលដែលប្រាជាជនកម្ពុជាគាំទ្រ គោរពកោតសរសើរ ជឿជាក់និងប្រាថ្នាចង់បាន៕
ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ





