Khmer First Close

ពន្លឺដោយសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ផ្តោតសំខាន់លើការកសាងសន្តិភាពយូរអង្វែង

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ទស្សនៈ - នយោបាយ 178
ពន្លឺដោយសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ផ្តោតសំខាន់លើការកសាងសន្តិភាពយូរអង្វែង ពន្លឺដោយសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ផ្តោតសំខាន់លើការកសាងសន្តិភាពយូរអង្វែង

មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បាននិងកំពុងចាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់ និងដោយសុទិដ្ឋិនិយមបំផុត អំពីការបញ្ចប់សង្រ្គាមរយៈពេលប្រាំថ្ងៃរវាងកម្ពុជា-ថៃថ្មីៗនេះ ដែលភាគីទាំងពីរ ទើបបានជួបចរចាគ្នាក្នុងកិច្ចសម្របសម្រួលចតុភាគី នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីដែលនឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយនឹងវត្តមានរបស់លោក ដូណាល់ ត្រាំ ក្នុងឱកាសនៃជំនួបកំពូលអាស៊ាន ក្នុងសប្តាហ៍នេះ។

អ្វីដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិបានចាប់អារម្មណ៍នោះ ការព្រមព្រៀងឈប់បាញ់គ្នា ថាតើមានការដោះស្រាយយ៉ាងណាអំពីជម្លោះលើអធិបតេយ្យភាពនៃប្រទេសទាំងពីរ? ហើយកិច្ចព្រមព្រៀង កូឡាឡាំពួរខាងមុខ នឹងត្រូវបានអនុវត្តមានប្រសិទ្ធភាពយ៉ាងដូចម្តេច ខណៈដែល ភាគីយោធាថៃចេះតែបានបន្តធ្វើសកម្មភាពរំលោភបំពានលើកិច្ចព្រមព្រៀងខែកក្កដាកន្លងទៅជាបន្តបន្ទាប់រហូតមក?

រីឯ បញ្ហាជម្លោះអំពីអធិបតេយ្យភាពរវាងប្រទេសទាំងពីរ ទំនងបន្តធ្លាក់ទៅលើយន្តការទ្វេភាគីនៃប្រទេសទាំងពីរ ក្នុងក្របខណ្ឌគណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែនរួម(JBC)នៃប្រទេសទាំងពីរ ឈរលើឧបករណ៍ច្បាប់អន្តរជាតិរួមមាន កិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនឆ្នាំ១៩០៤-១៩០៧ និងផែនទី១៩០៨។

នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងសារប្រាប់ឲ្យដឹងថ្មីៗនេះយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងសន្តិភាពមិនមែនជាថ្នូរនឹងការបាត់បង់ទឹកដីនោះទេ។ នេះជាការឆ្លើយមួយយ៉ាងច្បាស់ក្រោយពីមានការលើកឡើងចម្ងល់ខ្លះៗរបស់អ្នកលេងបណ្តាញសង្គមមួយចំនួន។ ហើយលោក ក៏ថ្លែងក្នុងថ្ងៃទី២០ ខែតុលា ដោយស្នើឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើកងកម្លាំងកម្ពុជាដែលបានលះបង់ជីវិតការពារជាតិនិងទឹកដី។ ហើយរាជរដ្ឋាភិបាលរបស់លោក បានធ្វើសកម្មភាពតាមគ្រប់មធ្យោបាយដើម្បីការពារ និងទាមទារឱ្យមានការដោះលែងទាហានកម្ពុជាដែលថៃចាប់ខ្លួនហើយក្នុងពេលឆាប់ៗខាងមុខនេះ ទាហានកម្ពុជាទាំង១៨នាក់នឹងដោះលែងត្រឡប់មកវិញ។

រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ក៏បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជា ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះថា លោកបានទៅចូលរួមក្នុងកិច្ចប្រជុំចតុភាគី នៅក្រុងកូឡាឡាំពួរ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីតំណាងប្រទេសកម្ពុជាក្នុងកិច្ចប្រជុំពិគ្រោះយោបល់បួនភាគីជាមួយម៉ាឡេស៊ី អាមេរិក និងថៃ។ លោកបន្តថា កិច្ចប្រជុំនេះទទួលបានលទ្ធផលគួរឲ្យពេញចិត្ត។ ការវិវត្តន៍អំពីស្ថានការណ៍នយោបាយរវាងកម្ពុជា-ថៃចុងក្រោយនេះ បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ជាមួយនឹងការជ្រោមជ្រែង និងការសម្របសម្រួលដោយចតុភាគី (កម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក) យ៉ាងយកចិត្តទុកបំផុត ពីលោកប្រធានាធិបតី សហរដ្ឋអាមេរិក គឺ លោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី លោក អិនវ៉ា អ៊ីប្រាហ៊ីម និងជាប្រធានអាស៊ាន ក្នុងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីបញ្ចប់ចម្បាំងដែលមិនគួរកើតមាន ហើយរំពឹងថានឹងបាននាំគ្នាវិលត្រឡប់មកកាន់តុចរចានាសប្តាហ៍មុនដើម្បីកសាង និងស្តារសន្តិភាពយូរអង្វែង និងជំនឿទុកចិត្តគ្នារវាងគូរជម្លោះ ពិសេសទំនុកចិត្តគ្នាក្នុងតំបន់ឡើងវិញផងដែរ។

ពិតណាស់ ចម្បាំងរយៈពេលប្រាំថ្ងៃ រវាងកម្ពុជា-ថៃ ត្រូវបានដុតបញ្ឆេះឲ្យឆេះឡើង ដោយក្រុមចលនាជាតិនិយមជ្រុល និងក្រុមអភិរក្សនិយមក្នុងជួរអ្នកនយោបាយ និងកងទ័ពថៃ ដែលក្រុមជ្រុលនិយមទាំងនោះ សុទ្ធសឹងមានផ្នត់គំនិតនិងទទួលបានឥទ្ធិពលនៃព្រឹត្តិការណ៍ដែលធ្លាប់បានកើតមានតាំងពីទសវត្ស១៩៣០-១៩៤០ និង១៩៦០ ពិសេស បានបន្តកើតឡើងម្តងទៀតប្រឆាំងនឹងការចុះបញ្ជីប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ២០០៨ ហើយចុងក្រោយចលនាជាតិនិយមថៃដ៏ខ្លាំងបំផុតក្នុងឆ្នាំ២០២៥នេះ ក៏ជាមូលហេតុនៃការបំផ្ទុះសង្រ្គាមនេះយ៉ាងប្រាកដ។ ចលនាជាតិនិយមថៃដ៏ខ្លាំងក្លានេះ ក៏រិតតែដុតកំហឹងលើបញ្ហាព្រំដែន ដែលទំនងនឹងមិនគួរកើតឡើងនោះទេ ខណៈដែលប្រទេសទាំងពីរ ពិតជាបានកសាងខ្សែបន្ទាត់ព្រំដែនអន្តរជាតិជាមួយគ្នាយ៉ាងត្រឹមត្រូវច្បាស់លាស់តាំងពីឆ្នាំ១៩០៤ និង១៩០៧។

កិច្ចប្រជុំចតុភាគីកន្លងទៅ ទំនងជានឹងអាចឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយមានប្រសិទ្ធភាពជាងមុន ហើយនឹងបើកផ្លូវឲ្យប្រទេសទាំងពីរអាចចាប់ផ្តើមកសាងនូវទំនាក់ទំនងការទូតឲ្យល្អប្រសើរ និងការជឿទុកចិត្តគ្នាឡើងវិញ ដើម្បីជាផលប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ពិសេស ភាពរឹងមាំ និងជំនឿទុកចិត្ត លើអង្គការតំបន់មួយនេះ ដែលនឹងនាំឆ្ពោះទៅកាន់អនាគតរួមគ្នាដ៏ប្រសើរក្នុងទិសដៅរបស់អាស៊ានក្នុងឆ្នាំ២០៤៥។ អាស៊ាននៅឆ្នាំ ២០៤៥ ត្រូវបានគេមើលឃើញថាជាសហគមន៍អាស៊ានដែលមានភាពធន់ ភាពច្នៃប្រឌិត ថាមវន្ត និងផ្តោតលើប្រជាជន ដែលមានបំណងក្លាយជាចំណុចកណ្តាលនៃកំណើននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បានចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២៥ អាស៊ានឆ្នាំ ២០៤៥ ចក្ខុវិស័យអនាគតរួមរបស់យើង គឺជាផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រដើម្បីសម្រេចបាននូវគោលដៅនេះ ដោយផ្តោតលើសហគមន៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ព្រមទាំងការតភ្ជាប់អាស៊ានផងដែរ។

សម្រាប់ ជំនួបកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅកូឡាឡាពួរខាងមុខនេះ រួមមាន លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំផង នឹងបង្ហាញវត្តមានជាសាក្សីថា បានដឹងលឺទាំងអស់គ្នា ដែលមិនអាចប្រកែកបាននៅចំពោមុខនៃដំណោះស្រាយនេះ។ ជាការពិត នៅចំពោះមុខនៃជម្លោះនេះ និងក៏ជាឱកាស ដែលអាស៊ាន ក៏ទំនងត្រូវព្យាយាមប្រឹងស្តារមុខមាត់ និងជំនឿទុកចិត្តគ្នាក្នុងតំបន់នេះផងដែរ ហើយក៏មិនចង់ឃើញការកើតមានជម្លោះរវាងសមាជិកក្នុងអាស៊ាន។

ប្រទេសថៃជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តដ៏ជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ហើយកម្ពុជាក៏ជាមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិកផងដែរ ហើយដែលប្រទេសទាំងពីរនៅតែប្រកាន់ជំហរការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីរៀងៗខ្លួនតាមគោលការណ៍ច្បាប់អន្តរជាតិ។

បើទោះបី ប្រទេសថៃ ជាសម្ព័ន្ធមិត្ត មិនមែនណាតូ (Non-Nato Alliance) ជាមួយសហរដ្ឋអាមេរិក ក៏ដោយ ក៏ប៉ុន្តែ ប្រទេសកម្ពុជា ក៏ជាសមាជិកនៃអង្កការតំបន់មួយនេះដែរ ដែលក្នុងនយោបាយជាយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក គឺ សហរដ្ឋអាមេរិកនៅតែចាត់ទុកថា តំបន់មួយនេះ ក្នុងន័យថា America First នៅតែជាអាទិភាពលើកិច្ចការសន្តិសុខ និងវិបុលភាពសម្រាប់ដំណើរទស្សនៈកិច្ចមកកាន់អាស៊ីលើកនេះ ដែលតម្រូវឲ្យខ្លួនចូលក្នុងផ្នែកពាក់ព័ន្ធទាំងអស់ជាចាំបាច់សំខាន់ៗ ដែលខកខានមិនបានឡើយ។

ដូច្នេះហើយ វត្តមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងជំនួបកំពូលអាស៊ាន នៅកូឡាឡាំពួរ នាពេលខាងមុខ ពិតជាមានអត្ថន័យ និងតម្លៃខ្ពស់ខ្លាំងណាស់ សម្រាប់ដំណើរទស្សនកិច្ចមួយ ជាមួយនឹងផែនទីយុទ្ធសាស្រ្តយូរអង្វែងក្នុងជ្រុងមួយដែលមិនអាចបោះបង់ចោលបាន គឺ អាមេរិកសិន (America First) ជាមួយនឹងចក្ខុវិស័យឥណ្ឌូប៉ាស៊ីហ្វិកក្នុងតំបន់មួយនេះ។

ដូច្នេះហើយ វាមិនមែនជារឿងកើតឡើងដោយចៃដន្យនោះទេ ក៏ប៉ុន្តែ វាជាអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវតែចូលលូកដៃក្នុងការបញ្ចប់សង្រ្គាមប្រាំថ្ងៃ រវាង កម្ពុជា-ថៃ កាលពីខែកក្កដាកន្លងទៅ។

ពិតណាស់ តួនាទីរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាតួឯកដ៏សំខាន់ ជាមួយនឹងការជួយសម្របសម្រួលរបស់លោក អិនវ៉ា អីប្រាហ៊ីម ដែលជាប្រធានអាស៊ាន ក្នុងកិច្ចប្រឹងប្រែងដើម្បីទំលុះទំលាយឲ្យមានបទឈប់បាញ់ ដែលបានសម្រេចក្នុងខែកក្កដាកន្លងទៅ ជាមួយនឹងការព្រមានធ្ងន់ៗអំពីការអនុវត្តពន្ធលើប្រទេសទាំងពីរ។ ទោះបីយ៉ាងណាក៏ដោយ បទឈប់បាញ់មានភាពផុយស្រួយបំផុត ក៏ព្រោះ តែកង្វះខាតនូវយន្តការរឹងមាំ ដើម្បីធានាប្រសិទ្ធភាពការអនុវត្តកិច្ចព្រមព្រៀងខែកក្កដា ខណៈដែលប្រទេសថៃនៅតែបន្តរំលោភលើកិច្ចព្រមព្រៀងនោះជាបន្តបន្ទាប់ ហើយកម្ពុជាតែងតែបានប្រកាន់យកភាពអត់ធ្មត់ខ្ពស់បំផុត អនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនោះដោយឥតងាករេ ដើម្បីបញ្ចៀសឲ្យបានពីក្តីមហន្តរាយទាំងឡាយដែលអាចកើតឡើង និងការប៉ៈពាល់ដល់អាយុជីវិតនៃប្រជាជននៃប្រទេសទាំងពីរ។

ផ្ទុយទៅវិញ កិច្ចព្រមព្រៀងនៅកូឡាឡាំពួរដែលត្រូវបានកំណត់ចុះហត្ថលេខាក្នុងសប្តាហ៍នេះ វាមានគោលបំណងដ៏សំខាន់បំផុតដើម្បីធានាឲ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់មួយមានប្រសិទ្ធភាព ហើយត្រូវចាប់ផ្តើមកសាងសន្តិភាពមួយឲ្យបានឋិតឋេរយូរអង្វែង។

ដូច្នេះហើយ កិច្ចព្រមព្រៀងនោះ នឹងមិនលូកជ្រៅចូលទៅក្នុងឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសពីរនោះឡើយ។ វាប្រាកដណាស់ថា កម្ពុជា-ថៃមានយន្តការទ្វេភាគីដ៏សមស្រប សមល្មមនឹងអាចដំណើរការបានក្នុងការដោះស្រាយលើបញ្ហាសេសសល់ទាក់ទងទៅនឹងកិច្ចការខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរដោយសន្តិវិធី ប្រសិនបើអនុវត្តតាមស្មារតីឯកភាពគ្នា លើឯកសារអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ទាក់នឹងព្រំដែនគោក និង២០០១ទាក់ទងនឹងព្រំដែនសមុទ្រ៕

ដោយ៖ ឡុង បូរីតា

អត្ថបទទាក់ទង