Khmer First Close

សន្តិភាពនិងមិត្តភាពវាសនារួមគ្នា

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ទស្សនៈ - នយោបាយ 146
សន្តិភាពនិងមិត្តភាពវាសនារួមគ្នា សន្តិភាពនិងមិត្តភាពវាសនារួមគ្នា

ពិភពលោកយើងសព្វថ្ងៃនេះ បាននិងកំពុងឋិតនៅក្នុងបរិបទមួយដ៏មហាគ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិទាំងអស់។ នេះជាការព្រួយបារម្ភជាទីបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោកក្រោយសម័យ    សង្គ្រាមលោកលើកទី២។ និន្នាការបែបនេះ ឥឡូវ កំពុងដើរបញ្រ្ចាសពីបំណងប្រាថ្នារួមរបស់មនុស្សជាតិទូទៅ ដោយសារមានប្រទេសខ្លះឬមហាអំណាចខ្លះក្នុងតំបន់ បាននិងកំពុងបំពានគោលការណ៍នីតិអន្តរជាតិ បន្តរំលោភបំពានលើអធិបតេយ្យភាពនៃប្រទេសក្បែរខាងរបស់ខ្លួនយ៉ាងគឃ្លើន ជាក់ស្តែង ការលុកលុយរបស់កងទ័ពរុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន ការវាយប្រហាររបស់អ៊ីស្រាអែលលើប៉ាលេស្ទីន ពិសេស ការឈ្លានរបស់កងទ័ពថៃមកលើប្រទេសកម្ពុជាថ្មីៗនេះ។  តើជំនួបនៃអង្គការអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាសឡេស៊ី នាថ្ងៃទី២៦ ខែតុលាខាងមុខនេះ អាចនឹងកសាង ស្តារ និងធានាបាននូវជោគវាសនារួមគ្នាក្នុងប្លុកនេះបានឬទេ? តើ      សង្គ្រាមរវាងកម្ពុជា-ថៃ ជាបញ្ហារួមរបស់អាស៊ានឬត្រូវចាត់ទុកជាបញ្ហាដាច់ដោយឡែកដោយប្រកាន់យកគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងប្រទេសណាមួយ ក្នុងទស្សនៈអាត្មានិយម ក្បាលអ្នកណាសក់អ្នកហ្នឹង? តើសមាជិកអាស៊ានម្នាក់ៗត្រូវរួមគ្នាដោះស្រាយបញ្ហាកើតឡើងរវាងរដ្ឋជាសមាជិកយ៉ាងយ៉ាងណាដើម្បីកសាង និងស្តារជំនឿទុកចិត្តក្នុងប្លុកនេះ?  

នាពេលបច្ចុប្បន្ន សង្គ្រាម កំពុងត្រូវបានគេមើលឃើញថា វាកំពុងបន្តផ្ទុះឡើងក្នុងពិភពលោក តាមតំបន់ខ្លះ ពិសេសសង្គ្រាមឈ្លានពានបង្កឡើងដោយកងទ័ពថៃយ៉ាងគឃ្លើនរយៈពេលប្រាំថ្ងៃកន្លងមកថ្មីៗមកលើកម្ពុជា វាកំពុងដុតបំផ្លាញមិនមែនត្រឹមតែសន្តិភាពក្នុងប្រទេសកម្ពុជា-ថៃប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏កំពុងតែបំផ្លាញសន្តិភាព សន្តិសុខ និងជំនឿទុកចិត្តគ្នាក្នុងតំបន់ទាំងមូលផងដែរ។ មជ្ឍដ្ឋានអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថា        សង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ គឺពិតជាបានបង្ហាញយ៉ាងច្បាស់នូវមហិច្ឆតាដែលកទ័ពថៃ បានចិញ្ចឹមចិត្តបន្តដណ្តើមអង្គាមយកទឹកដីក្នុងតំបន់មួយចំនួនតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ដែលមានអាយុកាលជាងមួយរយឆ្នាំមកហើយតាំងពីឆ្នាំ១៩០៤ និង១៩០៧។

គួររំលឹកថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ មានតាំងពីសតវត្សទី១៣ ក្នុងសម័យអង្គរ។ អាណាចក្រអយុធ្យា របស់ថៃបានផ្លាស់ប្តូរបន្តិចម្តងៗនូវអាណាចក្រខ្មែរដែលកំពុងធ្លាក់ចុះពីសតវត្សទី១៤។ អាណាព្យាបាលបារាំងបានបំបែកប្រទេសកម្ពុជាចេញពីប្រទេសថៃទំនើបនៅអំឡុងនៃសតវត្សទី១៩-២០ ហើយទំនាក់ទំនងការទូតរវាងរដ្ឋទំនើប ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពស្មុគស្មាញលើការបោះបង្គោលព្រំដែនមិនពេញលេញ ដែលបាននាំឱ្យកើតមានជម្លោះព្រំដែនបន្តអូសបន្លាយជាពិសេសលើតំបន់ប្រាសាទព្រះវិហារដែលត្រូវបានបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ១៩៦២ ក៏ប៉ុន្តែ នៅតែបន្តកើតមានការប៉ះទង្គិចគ្នាខាងយោធាកើតឡើងនៅឆ្នាំ២០០៨ និងឆ្នាំ២០១១ ពិសេសក្នុងឆ្នាំ២០២៥ថ្មីៗនេះយ៉ាងធ្ងន់ធ្ងរបំផុត។

ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ បានធ្លាក់មកដល់កម្រិតទាបបំផុត ផ្ដើមចេញពីការផ្ទុះអាវុធដែលទាហានថៃ បាញ់សម្លាប់យោធាខ្មែរម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការបិទច្រកព្រំដែនដោយឯកតោភាគីពីសំណាក់កងទ័ពថៃ ការគំរាមកំហែងផ្នែកពាណិជ្ជកម្មមកលើកម្ពុជា បណ្ដេញឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកកត្រលប់មកកម្ពុជាវិញ និងចុងក្រោយបិទច្រកចូលប្រាសាទចំនួន២ និងចេញប្រតិបត្តិការ វាយប្រហារមកលើកងទ័ពកម្ពុជាមុន។ ទង្វើទាំងអស់នេះ បានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងៗរវាងកម្ពុជា-ថៃ រហូតដល់មានការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ផ្ដើមឡើងដោយកងទ័ពថៃ ហើយភាគីកម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើសិទ្ធការពារខ្លួនឡើយ។

កន្លងមក អ្នកនយោបាយកម្ពុជា-ថៃ តែងតែបានប្រកាន់យកនូវទស្សនៈថា ជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ហើយក្នុងការរំលឹកឡើងវិញ នូវចំណងការទូត៧៥ឆ្នាំ រវាងប្រទេសទាំងពីរថា ព្រះរាជាណាចក្រទាំងពីរមានគោលដៅតែ១ គឺបន្តរឹតចំណងមិត្តភាព និងរក្សាសន្តិភាព និងការអភិវឌ្ឍ។ នេះជាឆន្ទៈដ៏មោះមុតក្រៃលែងក្នុងការបើកទំព័រថ្មីនៃប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំង២ បន្ទាប់ពីរការប៉ៈទង្គិចគ្នាដោយប្រដាប់អាវុធកាលពីឆ្នាំ២០០៨ និង២០១១។

ទំនាក់ទំនងដូចរាត្រីទឹកឃ្មុំមិនបាន១០ឆ្នាំផង ក៏ត្រូវបានដុតបំផ្លាញទៅវិញដោយក្រុមអ្នកនយោបាយជាតិនិយមជ្រុលរបស់ថៃខ្លះ ហើយពួកគេ ក៏បានដុតកំហឹង និងរុញច្រានឲ្យពួគអភិរក្សនិយមក្នុងជួរកងទ័ពថៃត្រូវបង្ខំចិត្តច្បាមយកឱកាសដណ្តើមអំណាចខ្លះ ពីរដ្ឋាភិបាលទន់ខ្សោយដែលត្រូវបានជ្រើសតាំងតាមបែបប្រជាធិបតេយ្យ។ ក្នុងទស្សវត្យចុងក្រោយថ្មីៗនេះ ការផ្លាស់ប្តូររដ្ឋាភិបាលញឹកញាប់ពេកក្នុងប្រទេសថៃ ក៏ជាមូលហេតុបានធ្វើឲ្យទំនាក់ទំនងកម្ពុជា-ថៃ បានចុះខ្សោយ ហើយមានភាពប្រែប្រួលមិនទៀងទាត់ ដែលជានិច្ចជាកាល វានាំឲ្យខូចដល់ដំណើការសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ចកម្ម និងវិស័យសំខាន់ផ្សេងៗទៀត ពិសេស ការងារបោះបង្គោលខណ្ឌសីមាដែលនៅសេសសល់តាមបណ្តោយព្រំដែនរវាងប្រទេសពីរ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅក្នុងទីក្រុងកូឡាឡំពួរ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែតុលានេះ ត្រូវបានគេរំពឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ នឹងមានឱកាសក្នុងការវិលត្រឡប់ទៅកាន់តុចរចាគ្នាឡើងវិញ ដោយនាំគ្នាសម្រេចសម្លឹងទៅរកអនាគតរួមគ្នាឡើងវិញ ក្នុងឋានៈជាប្រទេសជិតខាងភូមិផងរបងជាប់គ្នា។ ជាការពិត កិច្ចព្រមព្រៀងឈប់បាញ់មួយដែលបានចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដាកន្លងទៅ គឺ ជាការសម្រេចចិត្តមួយដំបូងដែលខ្វះនូវយន្តការធានាមានប្រសិទ្ធភាព។ ប្រសិនបើ ការចរចាបញ្ចប់សង្គ្រាមត្រូវបានបញ្ចប់ដោយការចុះហត្ថេលខា ជាមួយនឹងវត្តមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើជាសាក្សីខាងមុខនេះ  រួមទាំងមានយន្តការធានាច្បាស់លាស់ ដើម្បីត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់ការដកសញ្វាវុធ និងកងទ័ពទាំងអស់ចេញពីព្រំដែន វិលត្រឡប់ទៅរកស្ថាភាពដើមដូចមុនការផ្ទុះសង្គ្រាម នោះទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ នឹងអាចត្រូវបានស្តារឡើងវិញយ៉ាងប្រសើរ។ ហើយការបើច្រកព្រំដែនឡើងវិញ ក៏នឹងជាឱសថទិព្វដែលនឹងព្យាបាលដំបៅផ្លូវចិត្តនៃប្រជាជនប្រទេសទាំងពីរឲ្យឆាប់កាន់តែប្រសើរបានឡើងវិញផងដែរ។

ដើម្បីធានាបានថា សន្តិភាពនិងមិត្តភាពរវាងកម្ពុជា-ថៃអាចឋិតឋេរយូរអង្វែងគឺអង្គការអាស៊ាន មានតួនាទីដ៏សំខាន់បំផុត តួនាទីរបស់ប្រធានអាស៊ានផ្ទាល់តែម្តង ដើម្បីស្តារសន្តិភាព សន្តិសុខ និងចំណងមិត្តភាព ក្នុងតំបន់ដោយការជឿទុកចិត្ត  ដោយត្រូវឈរលើគោលការណ៍មានចែងក្នុងធម្មនុញ្ញអាស៊ាន ដែលបានកំណត់ថា សមាជិកអាស៊ានត្រូវរួមរស់ក្នុងជោគវាសនារួមគ្នា (Shared Destiny) ពិសេស សន្ធិសញ្ញាមិត្តភាព។  

ដូច្នេះ ជំនួបកំពូលអាស៊ាននៅម៉ាឡេស៊ីខាងមុខនេះ ត្រូវបានគេសម្លឹងមើលឃើញយ៉ាងវិជ្ជមានថា វាជាសុទិដ្ឋិនិយមថ្មីមួយក្នុងផ្លូវការទូតពហុភាគី ដែលមិនអាចសមាជិកណាមួយ ត្រូវប្រកាន់យកទសន្សនៈ បែបអាត្មានិយម ក្បាលអ្នកណាសក់អ្នកហ្នឹងបានទៀតឡើយ។  វាប្រាកដណាស់ ដែលវាជាឱកាសមាស ដើម្បីឲ្យសមាជិកទាំងអស់ក្នុងអង្គការតំបន់មួយនេះ ត្រូវចូលរួមដោះស្រាយបញ្ហារួមក្នុងតំបន់ដាច់ខាត។ 

ជារួម សន្តិភាព មិត្តភាពរវាងកម្ពុជា-ថៃពិតប្រាកដ នឹងអាចកើតមានទៅបាន ប្រសិនបើរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ លុបបំបាត់ចោលបានមួយភាគធំ នូវនយោបាយជាតិនិយមជ្រុលហួសហេតុ ហើយមិនត្រូវបន្តយកនយោបាយជាតិនិយមធ្វើជានយោបាយប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយក្នុងស្រុក      រៀងៗខ្លួន ហើយត្រូវមានឆន្ទៈរួមគ្នាវិលត្រឡប់ដើម្បីកសាង និងស្តារជំនឿទុកចិត្តគ្នាទៅវិញទៅមកឡើងវិញ ដោយឈរលើមិត្តភាពជាប្រពៃណី យូរអង្វែង ដែលប្រជាជននៃប្រទេសពីរធ្លាប់មានក្នុងព្រលឹង នៃវប្បធម៌ ប្រពៃណី ទំនៀម      ទំលាប់និងសិល្បៈស្រដៀងគ្នា បើទោះបីប្រទេសទាំងពីរបន្សល់ទុកកើតមាននូវទស្សនៈបកស្រាយខុសអំពីប្រវត្តិសាស្រ្តរបស់ខ្លួនខុសៗគ្នាយ៉ាងណាក៏ដោយ។

ដូច្នះ ជំនួបកំពូលអាស៊ាននៅគូឡាឡាំពួរនាពេលខាងមុខនេះ ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើសហគមន៍អាស៊ានទាំងមូលនឹងត្រូវបង្ហាញឆន្ទៈរួមគ្នា ដូចម្តេច ដើម្បីធានាបានថា សសរស្តម្ភទាំង៣ រួមមាន សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ ដែលមានទំនាក់ទំនង និងជះឥទ្ធិពលគ្នាទៅវិញទៅមក? ការរំពឹងទុកដើម្បីសម្រេចបាននូវគោលដៅនេះ គឺជម្លោះរវាងកម្ពុជា-ថៃ មិនមែនជាបញ្ហាដោយដាច់ដោយឡែកនោះទេ វាជាបញ្ហារួមរបស់អាស៊ាន វាជាបញ្ហាអន្តរជាតិក្នុងប្លុក ដែលតម្រូវឱ្យរដ្ឋជាសមាជិកទាំងអស់អនុវត្ត និងចាត់វិធានការដើម្បីកសាង និងធានាឲ្យបាននូវជំនឿទុកចិត្តគ្នាទៅវិញទៅមកពិសេសស្ថិរភាព សន្តិភាព និងវិបុលភាពរួមគ្នាដ៏យូរអង្វែងក្នុងប្លុកអាស៊ាន ហើយក៏មិនត្រូវប្រកាន់យកទស្សនៈអសកម្ម បែបអាត្មានិយម ក្បាលអ្នកណាសក់អ្នកហ្នឹងនោះទៀតទេ៕

ដោយ៖ ឡុង បូរិតា

 

អត្ថបទទាក់ទង