Khmer First Close

ថៃបន្តសម្តែងជាតិនិយមឈ្លានពាន៖ «ជើងកងទ័ពដើរទៅណា ទីនោះជាទឹកដីថៃ» ជាទស្សនៈអាណានិគមសម័យថ្មីលើទឹកដីកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 21 ម៉ោងមុន ទស្សនៈ - នយោបាយ 178
ថៃបន្តសម្តែងជាតិនិយមឈ្លានពាន៖ «ជើងកងទ័ពដើរទៅណា ទីនោះជាទឹកដីថៃ» ជាទស្សនៈអាណានិគមសម័យថ្មីលើទឹកដីកម្ពុជា ថៃបន្តសម្តែងជាតិនិយមឈ្លានពាន៖ «ជើងកងទ័ពដើរទៅណា ទីនោះជាទឹកដីថៃ» ជាទស្សនៈអាណានិគមសម័យថ្មីលើទឹកដីកម្ពុជា

ការបង្ហាញអាកប្បកិរិយា និងទស្សនៈជាតិនិយមបែបឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៥នេះ នៅភូមិព្រៃចាន់ តាមបណ្តោយព្រំដែនកម្ពុជានោះ បានបង្កការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ។ រូបភាពវីដេអូបង្ហាញឲ្យឃើញថា ទាហានថៃជាង ២០ នាក់ កាន់ដៃគ្នាជាជួរ ដើរឆ្លងកាត់ដីស្រែចំការរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងទឹកដីកម្ពុជា ដោយច្រៀងចំរៀងជាតិជ្រុលនិយម “ចម្រៀងភ្លេងជាតិ”។ 

ព្រឹត្តិការណ៍នេះត្រូវបានអះអាងថា ជា “និមិត្តសញ្ញាបង្ហាញថាទីតាំងនោះជាដែនអធិបតេយ្យភាពរបស់ប្រទេសថៃ” ដោយវរសេនីយឯក ឆៃណារុង កាស៊ី មេបញ្ជាការកងទ័ពពិសេសទី១២ នៃកងទ័ព Burapha ដែលបាននិយាយថា៖“ទីណាដែលជើងកងទ័ពថៃដើរឆ្លងទៅ ទីនោះជាដែនដីថៃ” នេះជាការរំលោភបំពាននិងឈ្លានពានទឹកដីកម្ពុជាយ៉ាងពិតប្រាកដ។

ការនិយាយរបៀបមេទ័ពព្រៃថៃដែលមិនយល់អំពីអ្វីដែលគេហៅថាជា សន្ធិសញ្ញានិងអនុសញ្ញាបារាំងសៀម១៩០៤-១៩០៧ ដែលមានចងនៅក្នុង MOU ២០០០ ថែមទៀតផងនេះ និងមិនមែនជាការសម្ដែងអារម្មណ៍បែបជាតិនិយមធម្មតានោះទេ ប៉ុន្តែជាការបង្ហាញនូវភាពគឃ្លើននិងជាទស្សនៈអាណានិគមសម័យថ្មី ក្នុងសតវត្សទី២១ ដែលថៃកំពុងប្រើ ដើម្បីសម្ញែងអំណាចនៃឥទ្ធិពលយោធារបស់ខ្លួនដោយគម្រាមកម្ពុជាដើម្បីឈានទៅការរំកិលនិងកាត់និងច្រៀកយកដីកម្ពុជាក្នុងពេលដែលកម្ពុជាមិនតបតនិងកំពុងរក្សាភាពស្ងៀមស្ងាត់ដោយគោរពទៅតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីឲ្យមានប្រសិទ្ធិភាពនោះបែរជាយោធាថៃដែលល្មោភសង្គ្រាមបានកំពុងអនុវត្តយុទ្ធសាស្ត្រកាត់ទឹកដីកម្ពុជាបន្តិចម្តងៗ “Salami-slicing Strategy”។ នេះសរបញ្ជាក់ឲ្យឃើញនូវការឈ្លានពានបន្តិចម្តងៗ ដើម្បីរំលោភទឹកដីកម្ពុជាដែលនៅជាប់ព្រំប្រដែនជាមួយខ្លួន ដែលហាក់បីដូចជាក្រុមឧទ្ទាមទ័ពព្រៃដែលមិនគោរពច្បាប់អន្តរជាតិ និងមានលក្ខណៈជាចោរលួចទឹកដី និងធ្វើមិនឲ្យមានការចាប់អារម្មណ៏ពីសហគមន៏ជាតិនិងអន្តរជាតិ។

ការឈ្លានពានជ្រកក្រោមស្លាក “និមិត្តរូប” ការអះអាងថា “ជើងកងទ័ពដើរទៅណា ទីនោះជាទឹកដីថៃ” គឺជាការរំលោភលើអធិបតេយ្យភាពនៃប្រទេសកម្ពុជាយ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានឡើយ។ ទស្សនៈបែបនេះស្ទើរតែជាប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់ថៃ ដែលតែងតែចង់សម្ញែងភាពខែងរែងលើប្រទេសជិតខាង ដូចជាអតីតសម័យអាណានិគម។ 

វាជារបៀបចាស់គំរិលមួយនៃការប្រើកម្លាំងទ័ពក្នុងការកំណត់ព្រំដែន ដោយមិនគោរពច្បាប់អន្តរជាតិ និងគោរពតាមកិច្ចព្រមព្រៀង JBC, GBC, RBC បទឈប់បាញ់ ដែលបានចែងថា ភាគីទាំងពីត្រូវរក្សាស្ថានភាពដើម ដោយមិនត្រូវការចល័តកម្លាំងទ័ព ឬបង្កហេតុណាមួយឡើយ តែផ្ទុយទៅវិញភាគីថៃមិនត្រឹមតែមិនអនុវត្តតាមនូវបទឈប់បាញ់នោះទេ ថែមទាំងបាននិងកំពុងបំពានលើប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរថែមទៀតផង។

ការសម្ដែងកាយវិការដ៏ក្រអើតក្រទមនេះកើតឡើងក្នុងពេលនៃកិច្ចប្រជុំសន្តិភាពក្រោមការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំសហរដ្ឋអាមេរិក និងប្រធានអាស៊ានដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧–២៨ ខែតុលា ឆ្នាំ២០២៥ ថែមទៀតផង។ ការណ៏នេះបញ្ជាក់ច្បាស់ណាស់ថា ថៃនឹងមិនមានបំណងចូលរួមយ៉ាងស្មោះត្រង់នោះទេ ព្រោះគេបានបង្ហាញចរិកថា ទោះមានការចុះហត្ថលេខាក៏ដោយ ក៏ខ្លួននឹងមិនអនុវត្តតាមដដែល។

ការបំពានលើសិទ្ធិ និងសន្តិភាពស៊ីវិលថៃមិនត្រឹមតែបង្ហាញអាកប្បកិរិយាឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើសង្គ្រាមផ្លូវចិត្ត ដោយចាក់សម្លេងខ្មោច សម្លេងឆ្កែលូ និងសម្លេងរំខានយ៉ាងខ្លាំងដល់មនុស្សចាស់ កុមារ និងប្រជាពលរដ្ឋកម្ពុជាពេលយប់ថែមទៀតផង។ ទង្វើនេះវាជាវិធីបំភិតបំភ័យដល់ប្រពលរដ្ឋកម្ពុជា និងបង្កអារម្មណ៍កក់ស្លុតដល់សាធារណជនថែមទៀតផង ដែលទង្វើនេះអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនកំពុងរិះគន់យ៉ាងខ្លាំងថា នេះជាទង្វើបែបជាការរំលោភបំពានធ្ងន់លើសិទ្ធិរស់នៅ និងសន្តិភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃចាន់របស់កម្ពុជា។

គោលបំណងពិតប្រាកដរបស់ក្រុមយោធាព្រៃរបស់ថៃបែបនេះគឺជាការបង្វែរចំណាប់អារម្មណ៏និងការយកចិត្តទុកដាក់អន្តរជាតិតែប៉ុណ្ណោះ ការណ៏នេះអ្នកវិភាគជាច្រើនបានយល់ឃើញថា ពេលនេះថៃកំពុងប្រើបញ្ហាព្រំដែននេះជាយុទ្ធសាស្ត្រដើម្បីបង្វែរការចាប់អារម្មណ៏របស់ប្រជាជនជ្រុលនិយមថៃកុំឲ្យយកចិត្តទុកដាក់លើបញ្ហាវិបត្តិសេដ្ឋកិច្ច និងសង្គមខ្លួនដែលកំពុងរង្គោះរង្គើររកកលនិងដួលរលំក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែការកើតចេញពីការបិទព្រំដែនកម្ពុជាថៃជាឯកតោភាគីនិងការធ្វើពហិការដ៏ខ្លាំងក្លាដូចទឹកបាក់ទំនប់ពីប្រជាពលរដ្ឋកម្ពុជាដែលឈឺចាប់ក្នុងការំលោភបំពានទឹកដីកម្ពុជាម្តងហើយម្តងទៀតពីសំណាក់កងទ័ពព្រៃ។ 

ការបង្កជម្លោះជាមួយកម្ពុជា គឺជាវិធីមួយក្នុងការបង្កើតអារម្មណ៍ជាតិនិយមបែបប្រជាភិថុតបណ្តាលឲ្យប្រជាពលរដ្ឋថៃបំភ្លេចគិតទៅលើអសម្ថភាពដឹកនាំរដ្ឋាភិបាល Anutin Charvirakul និងការបរាជ័យក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចថៃ។ នេះក៏វាជាវិធី “លួងចិត្តប្រជាជន” ដើម្បីស្វែងរកការគាំទ្រផ្ទៃក្នុងបណ្តោះអាសន្នក្រែងអាចត្រូវបានប្រជាជនថៃបោះឆ្នោតឲ្យបន្តដឹកនាំប្រទេសបន្តទៀត។

ទោះបីកម្ពុជាកំពុងរក្សាការស្ងៀមស្ងាត់ ដើម្បីជៀសវាងការចាប់ផ្តើមសង្គ្រាមជាថ្មីឡើងវិញក៏ដោយ ក៏កម្ពុជាមិនអាចទទួលយកបាននូវសកម្មភាពឈ្លានពានទាំងនេះឡើយ។ កម្ពុជាបន្តប្រើយន្តការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងទឹកដីជាតិ បើទោះបីជាត្រូវទប់ទល់និងសង្គ្រាមដែលកើតឡើងជាថ្មីទៀតក៏ដោយក៏កម្ពុជានឹងត្រូវតែប្តូរយកដែរ ព្រោះនេះជាទឹកចិត្តស្រឡាញ់ប្រទេសជាតិនិងទឹកដីដ៏ពិសិដ្ឋដែលមិនអាចកាត់ថ្លៃបានមួយនេះឲ្យបានគង់វង្សនិងស្ថិតស្ថេរ។ ការស្ងៀមស្ងាត់មិនមែនជាសញ្ញានៃការព្រមទទួលយកនោះទេ ប៉ុន្តែជាវិធីសន្តិភាពដើម្បីការអនុវត្តនិតិវិធីការទូតនិងច្បាប់ដើម្បីរកយុត្តិធម៌តាមយន្តការអន្តរជាតិឲ្យមានប្រសិទ្ធិភាពបានតាមការគ្រោងទុក។

ការរំលោភព្រំដែនដោយគឃ្លើនរបស់កងទ័ពថៃនេះ គឺមិនអាចទទួលយកបានទេ ចំពោះទស្សនៈថា «ជើងកងទ័ពដើរទៅណា ទីនោះជាដែនដីថៃ» គឺជាការរំលោភដ៏ច្បាស់លាស់លើទឹកដី និងកិត្តិយសជាតិរបស់កម្ពុជា។ ប្រសិនបើថៃនៅតែបន្តសកម្មភាពបែបនេះ វាមិនត្រឹមតែបង្ហាញពីការច្រានចោលនូវកិច្ចព្រមព្រៀងសន្តិភាពដែលនឹងត្រូវធ្វើនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលដ៏ខ្លីខាងមុខនោះទេ ប៉ុន្តែនេះជាការបើកទ្វារចូលទៅរកជម្លោះ ដ៏ស្រួចស្រាល់ រ៉ាំរ៉ៃនិងគ្រោះថ្នាក់ដល់ប្រទេសជាតិនៃប្រទេសទាំងពីរតាមរយៈសង្គ្រាមកើតឡើងជាថ្មីម្តងទៀតនៅពេលខាងមុខ។

កម្ពុជា មានសិទ្ធិស្របច្បាប់ក្នុងការការពារដែនដី និងអធិបតេយ្យភាពជាតិ។ ព្រំដែនមិនមែនជាទីកន្លែងសម្រាប់ «ការសម្ដែងជាតិនិយម» ឬ «ការសាកល្បងអំណាចយោធា»ទេ ប៉ុន្តែជាដែនកំណត់នៃការគោរព និងសន្តិភាពរវាងប្រជាជាតិទាំងពីរ។

ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត១/២០០ ០០០ និងមានបង្គោលព្រំដែនចំនួន ៧៤បង្គោល ដែលត្រូវបានបោះកាលពីជាង១០០ឆ្នាំមុន។  ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធាគ្មានសមត្ថកិច្ច ក្នុងការសម្រេចខណ្ឌសីមារបស់ប្រទេសនោះឡើយ ហើយការប្រកាសដូច្នេះ ក៏គ្មានតម្លៃគតិយុត្តនោះដែរ៕

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

 

អត្ថបទទាក់ទង