ស្ថានភាពថៃក្រោយកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ៖ ស្ងប់ស្ងាត់ខាងក្រៅ តែរញ្ជួយខាងក្នុង
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា–ថៃ នៅទីក្រុងគូឡាឡាំពួរ ស្ថានការណ៍នយោបាយ និងសន្តិសុខនៅក្នុងប្រទេសថៃហាក់មើលទៅមិនស្ងប់ស្ងាត់ប៉ុន្មាននោះទេ។ ទោះបីជាខាងក្រៅមានភាពស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែផ្ទៃខាងក្នុងកំពុងតែញ័ររញ្ជួយដោយបញ្ហាចាក់ស្រេះស្មុគស្មាញរកកលនិងដួលរលំមុនពេលកំណត់។ ប្រជាជនថៃមិនអាចទទួលយកនិងមិនយល់ច្បាស់ពីអ្វីកើតឡើងពិតៗនោះឡើយ ហើយការបែកបាក់សាមគ្គីនិងចលាចលផ្ទៃក្នុងជាតិ ក៏កំពុងកើតមានឡើងជាបន្តបន្ទាប់ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងសង្គមនយោបាយរបស់ថៃ។
ការចុះកិច្ចព្រមព្រៀងសន្តិភាពដែលបញ្ចប់ការប្រយុទ្ធគ្នាជាមួយកម្ពុជា ធ្វើឲ្យប្រទេសថៃត្រូវប្រឈមមុខនឹងការរកច្រកចេញពីគំនាបប្រជាពលរដ្ឋថៃខ្លួនឯង រួមទាំងក្រុមប្រឆាំងដែលមានចរិតជាតិនិយមជ្រុល។ កិច្ចព្រមព្រៀងនោះបង្ហាញច្បាស់ថា ថៃមិនអាចគ្រប់គ្រងស្ថានការណ៍សន្តិសុខជាតិបានដោយខ្លួនឯងទេ បានជាត្រូវពឹងផ្អែកលើការជ្រៀតចូលរបស់សហគមន៏អន្តរជាតិ ជាពិសេសគឺប្រទេសម៉ាឡេស៊ីដែលជាប្រទេសមួយនៅជាប់និងប្រទេសថៃ អាស៊ាន និងសហរដ្ឋអាមេរិក ទៅវិញ។ ចំណុចនេះធ្វើឲ្យមានអារម្មណ៍ថា ថៃកំពុងបាត់បង់ភាពជាម្ចាស់ការខ្លួនឯងខាងផ្នែកនយោបាយ និងកេរ្តិ៍ឈ្មោះជាតិរបស់ខ្លួន។
សម្រាប់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី Anutin Charnvirakul កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួនេះបានក្លាយជាបញ្ហាប្រឈមធំណាស់សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋថៃបែបជាតិនិយម។ ប្រជាពលរដ្ឋថៃមួយចំនួនបានចាត់ទុកថា នេះវាជាបរាជ័យមួយក្នុងវិស័យការទូត និងជារឿងដែលមិនអស់ចិត្តនោះជាការចាញ់ប្រៀបនយោបាយកម្ពុជាដែលជាប្រទេសតូចនិងមានសេដ្ឋកិច្ចទន់ខ្សោយជាងខ្លួន ដោយមិនអាចប្រកែកបានឡើយ។ ទោះបី Anutin ព្យាយាមប្រើភាសានយោបាយថា “វាជាជំហានសន្តិភាពសម្រាប់អនាគត” ក៏ដោយ ប៉ុន្តែចំពោះមនុស្សបែបជាតិនិយមជាច្រើន ស្មើនិងមានន័យថា ថៃត្រូវបង្ខំចិត្តទំលាក់អាវុធ ចុះ យោធាក៏ត្រូវបង្អង់សកម្មភាពដែលធ្លាប់តែសម្ញើញនូវមហិច្ឆតាវាតទីនិយម ចង់ឈ្លានពានកម្ពុជា។
បើនិយាយអំពីផ្នែកយោធាវិញ កងទ័ពថៃត្រូវបានរងសម្ពាធយ៉ាងខ្លាំងដោយបង្ខំឲ្យដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនដែលខ្លួនកំពុងគិតថាមានប្រៀបលើកម្ពុជា ព្រោះការដកនេះកើតឡើងក្រោមក្រសែភ្នែកនិងសម្ពាធអន្តរជាតិដែលមិនអាចប្រកែកបាន ហើយត្រូវបានយល់ថាជាការដកដោយបង្ខំ មិនមែនដោយសេចក្តីជ័យជំនះនយោបាយការទូតឬយោធាទេ ព្រោះកិច្ចព្រមព្រៀងសន្តិភាពនេះកើតឡើងដោយសារតែគំនិតផ្តួចផ្តើមរបស់នាយរដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងវិស័យការទូតដ៏ខ្លាំងក្លារបស់កម្ពុជា និយាយដោយត្រង់គឺមិនមែនជាការចង់បានរបស់ប្រទេសថៃទេ ។ ហេតុនេះ រដ្ឋាភិបាលថៃបានទទួលរងសម្ពាធខ្លាំងដែលមិនអាចគេចវេសបាន សូម្បីតែចង់ពន្យាពេល ពីព្រោះភ្លាមៗក្រោយចុះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជាបានចាប់ផ្តើមអនុវត្តនាំមុខថៃ គឺបានដកអាវុធធុនធ្ងន់ចេញ និងបានយកទៅកាន់ទីតាំងផ្សេងឆ្លងពីតំបន់ព្រំដែន ក្រោមការអង្គេតការណ៍ពី AOT ទៀតផង។ ដូច្នេះ ថៃជាអ្នកសម្រេចចិត្តដកសព្វាវុធធុនធ្ងន់ក្រោយកម្ពុជា ដែលវាជាភាពអាម៉ាស់ ដែលនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកងទ័ពថៃយ៉ាងខ្លាំង ដែលព្រោះជាយូរមកហើយកងទ័ពថៃនេះវាជាមូលដ្ឋានដ៏សំខាន់នៃអំនួត និងឥទ្ធិពលសង្កត់អំណាចខាងផ្នែកនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ ដែលមិនមានអ្នកនយោបាយឬគណបក្សនយោបាយណាអាចបំពានបានឡើយ។
រីឯបញ្ហាសេដ្ឋកិច្ចរបស់ថៃហាក់កាន់តែស្រុតចុះដុនដាបធ្ងន់ធ្ងរទៅៗ ដោយសារការបិទព្រំដែននិងការធ្វើពហិកាលើទំនិញនិងផលិផលថៃរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងខ្លាំងក្លា បានបន្តធ្វើឲ្យពាណិជ្ជកម្មឆ្លងកាត់ព្រំដែនត្រូវជាប់គាំង និងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋថៃនៅតាមបណ្ដោយព្រំដែនជាមួយកម្ពុជា ។ មុនពេលមានជម្លោះព្រំដែន តាមធម្មតាថៃតែងតែពឹងពាក់លើកាប្រកបរបរជួញដូរប្រចាំថ្ងៃជាមួយប្រទេសកម្ពុជា។ បើទោះបីជា Anutin អះអាងថា ព្រំដែននឹងបើកឡើងវិញនៅពេលកម្ពុជាបំពេញកិច្ចព្រមព្រៀងជាមុនសិនក៏ដោយ ការពន្យារពេលនេះបានបង្កឲ្យមានភាពតានតឹងផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង។
លើសពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរបស់ថៃជាមួយសហរដ្ឋអាមេរិក ក៏បានជួបការរិះគន់ដោយរងការចោទថា ជាកិច្ចព្រមព្រៀងដែលមិនចំណេញនាំឲ្យបាត់បង់ផលប្រយោជន៏ជាតិខ្លាំង។ អ្នកវិភាគថា វាបង្ហាញពីភាពកម្សោយនយោបាយសេដ្ឋកិច្ចរបស់ Anutin ខ្លាំងណាស់ ព្រោះផលិតផលថៃត្រូវបង់ពន្ធខ្ពស់ ១៩ភាគរយ ដដែលខណៈផលប្រយោជន៍ជាច្រើនត្រូវធ្លាក់ទៅលើសម្ព័ន្ធមិត្តចាក់ទឹកមិនលិចសហរដ្ឋអាមេរិកទៅវិញ ដែលនេះត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិកកំពុងឆ្លៀតកេងចំណេញចំពោះការធ្វើជាអ្នកសម្របសម្រួលនិងការធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរវាងកម្ពុជានិងថៃនេះ។
ក្នុងស្ថានភាពបែបនេះ អារម្មណ៍ជាតិនិយមកើនឡើងវិញ ប៉ុន្តែជាជាតិនិយមបែបអារម្មណ៍ មិនមែនជាគំនិតយុទ្ធសាស្ត្រទេ។ ប្រជាជនមួយចំនួននៅតែគិតថាប្រទេសថៃមានសមត្ថភាពលើសប្រទេសកម្ពុជា ប៉ុន្តែបែរជាត្រូវទទួលស្គាល់ថា ការចុះកិច្ចព្រមព្រៀងនេះជាជ័យជំនះនយោបាយការទូតរបស់កម្ពុជាទៅវិញ និងក៏ជាការបរាជ័យផ្នែកផ្លូវយុទ្ធសាស្ត្ររបស់ថៃ ដោយសារតែភាពអសមត្ថភាពរបស់រដ្ឋាភិបាលក្មេងខ្ចីរបស់ Anutin ដែលមិនបានគិតអំពីផលប្រយោជន៏ជាតិ ។ ទាំងអស់នេះ សុទ្ធតែជាការចោទប្រកាន់របស់ប្រជាពលរដ្ឋ និងងក្រុមប្រឆាំងរដ្ឋាភិបាលថៃ។
ស្ថានការណ៍បញ្ចប់ជម្លោះ ទាមទារសុចរិតភាព និងស្វែងរកច្រកចេញដើម្បីបញ្ចប់បញ្ហាអារភាពនឹងគ្នារវាងកម្ពុជា- ថៃ ។ ដូច្នេះ គេចមិនផុតឡើយ ជម្រើសដ៏ល្អ គឺមានតែការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងថៃ បានចុះហត្ថលេខា ដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី តែប៉ុណ្ណោះ ដោយរដ្ឋាភិបាលថៃមិនអាចបន្តធ្វើឱ្យល្អក់កករដល់កិច្ចព្រមព្រៀងសន្តិភាពបានទេ ។ បើពុំនោះ ប្រទេសថៃ ត្រូវបានគេមើលឃើញថា មិនឱ្យតម្លៃគោលការណ៍ច្បាប់អន្តរជាតិ ហើយថៃនឹងថមថយឥទ្ធិពល បើនៅតែគឃ្លើនបន្តឈ្លានពានកម្ពុជាដែលជាប្រទេសរងគ្រោះ។ ពិភពលោក និងសហគមន៍អន្តរជាតិ ប្រាកដណាស់គេនឹងងាកមកគាំទ្រកម្ពុជាយ៉ាងពេញទំហឹង។
ដោយសារតែភាពច្របូកច្របល់ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គមនេះ ប្រទេសថៃកំពុងឈរនៅចំណុចមួយដែលអាចនាំឲ្យមានការរង្គោះរង្គើនយោបាយផ្ទៃក្នុងជាថ្មីម្តងទៀត ប្រសិនបើរដ្ឋាភិបាល Anutin មិនអាចរកវិធីបង្រួបបង្រួមសាមគ្គីជាតិផ្ទៃក្នុង និងស្ដារភាពជឿជាក់របស់មហាជនវិញបាន។
ការការពារខ្លួនដ៏រឹងមាំ គឺការប្រកាន់យកនូវទស្សនៈ បញ្ចៀសនូវការចុះហត្ថលេខានឹងដៃ លប់នឹងជើង ។ បើពុំនោះទេ កេរ្តិ៍ឈ្មោះរបស់ថៃនឹងកាន់តែរងនូវការអាម៉ាស់ថែមទៀត បើរដ្ឋាភិបាល អានុទីន មិនមានភាពក្លាហានត្រួតត្រាយដោះស្រាយបញ្ហាទេនោះ៕
ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ





