Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅលើលោកនេះ គ្មានប្រទេសណារាំងខ្ទប់ពលរដ្ឋមិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសឡើយ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3638
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅលើលោកនេះ គ្មានប្រទេសណារាំងខ្ទប់ពលរដ្ឋមិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសឡើយ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅលើលោកនេះ គ្មានប្រទេសណារាំងខ្ទប់ពលរដ្ឋមិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសឡើយ

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅលើពិភពលោកនេះ គ្មានប្រទេសណារាំងខ្ទប់ប្រជាពលរដ្ឋរបស់ខ្លួនមិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសនោះឡើយ ព្រោះការងារនៅក្រៅប្រទេសគឺជាជម្រើសការងារសម្បូរបែបសម្រាប់ប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូល។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

សម្ដេចធិបតីបានឱ្យដឹងថា «យើងខិតខំបង្កើនការងារជូនប្រជាជននៅក្នុងប្រទេស តែក៏មិនហាមឃាត់អ្នកទៅធ្វើការនៅក្រៅប្រទេសដែរ ហើយនៅលើពិភពលោកនេះ គ្មានគោលនយោបាយណាដែលហាមឃាត់ពលករមិនឱ្យចេញទៅក្រៅប្រទេសទៅធ្វើការនោះទេ»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា រដ្ឋាភិបាលនៃប្រទេសនៅលើពិភពលោកនេះ មានតែការខិតខំជំរុញរំហូរពលករកម្ម រំហូរផលិតផល ទំនិញ ខិតខំលើកទឹកចិត្តដើម្បីឱ្យប្រជាពលរដ្ឋមានជម្រើសការងារកាន់តែច្រើន។

រាជរដ្ឋាភិបាលកម្ពុជានៅតែខិតខំទាក់ទាញវិនិយោគនៅក្នុងប្រទេស ពង្រីកឱកាសការងារជូនប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីកុំឱ្យប្រជាពលរដ្ឋពិបាករកការងារធ្វើការ តែយ៉ាងណាកម្ពុជាមិនអាចលើកកម្រិតប្រាក់បៀវត្សរ៍ស្មើប្រាក់បៀវត្សរ៍នៅសហរដ្ឋអាម៉េរិក សូម្បីតែកូរ៉េខាងត្បូងក៏មិនអាចស្មើអាម៉េរិកបានដែរ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ប្រទេសខ្លះត្រូវការកម្លាំងពលកម្មក្នុងប្រទេស ដោយសារកំណើនប្រជាជនទាប អត្រាមនុស្សចាស់កើនឡើង ដូច្នេះត្រូវបើករំហូរពលកម្មពីក្រៅប្រទេស តួយ៉ាងដូចជាប្រទេសសិង្ហបុរីដែលកំពុងត្រូវកម្លាំងពលកម្មពីម៉ាឡេស៊ី ពីឥណ្ឌូណេស៊ី ពីកម្ពុជា ពីវៀតណាមជាដើម ហើយនៅប្រទេសជប៉ុនក៏ត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសដូចគ្នា។

សម្ដេចធិបតីបានបន្តទៀតថា សូម្បីប្រទេសដែលកំពុងមានពលករកម្ពុជា ក៏មានការបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅក្រៅប្រទេសដែរ ដូចជា ពលករថៃទៅធ្វើការនៅប្រទេសកូរ៉េខាត្បូង ចក្រភពអង់គ្លេសជាដើម។

គួរជម្រាបថា ពលករខ្មែរដែលកំពុងធ្វើការងារនៅក្រៅប្រទេស គឺមាននៅប្រទេសថៃជាង១.២លាននាក់ កូរ៉េខាងត្បូងមានជាង៥ម៉ឺននាក់ ជប៉ុនជាង២ម៉ឺននាក់ ក្រៅពីនេះមាននៅម៉ាឡេស៉ី សិង្ហបុរី តំបន់រដ្ឋបាលពិសេសហុងកុងជាដើម៕

អត្ថបទទាក់ទង