Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ” ការស្តារនិងលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ ជារឿងចាំបាច់ជាទីបំផុត “

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 506
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ” ការស្តារនិងលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ ជារឿងចាំបាច់ជាទីបំផុត “ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ” ការស្តារនិងលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ ជារឿងចាំបាច់ជាទីបំផុត “

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយ ដែលបានផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋយើង និងបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ។ យើងឃើញថា វិស័យទេសចរណ៍កំពុងមានកំណើន តែមិនទាន់កើនដល់កម្រិតមុនវិបត្តិជំងឺកូវីដ-១៩ នៅឡើយទេ ហើយការកើនឡើងនេះទៀតសោត ក៏មានស្ថានភាពមិនដូចគ្នា នៅតាមគោលដៅទេសចរណ៍សំខាន់ៗនោះដែរ ជាពិសេសនៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ខេត្តសៀមរាបបានរងផលប៉ះពាល់ធ្ងន់ជាងគេ នៅក្នុងចំណោមបណ្តាគោលដៅទេសចរណ៍ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការពិសេសនានា ដើម្បីលើកស្ទួយទេសចរណ៍នៅក្នុងខេត្តនេះឱ្យមានភាពល្អប្រសើរឡើងវិញ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩» នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលផ្តួចផ្តើមដាក់ចេញនូវកម្មវិធីពិសេសមួយគឺ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ដែលក្នុងនោះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមួយចំនួន សំដៅជំរុញឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបមានសន្ទុះងើបឡើងវិញ ដែលរួមមានដូចខាងក្រោម ៖

ទី១៖ ក្រសួងទេសចរណ៍ត្រូវរៀបចំឡើងវិញ និងដាក់ឱ្យដំណើរការក្រុមប្រឹក្សាទេសចរណ៍ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធឱ្យបានឆាប់បំផុត។ ការដាក់ចេញនូវក្រុមប្រឹក្សាទេសចរណ៍ នឹងអាចដោះស្រាយបាននូវបញ្ហាប្រឈម ដែលវិស័យឯកជនជួបប្រទះជាប្រចាំថ្ងៃ ការរៀបចំនិងការដាក់ចេញផែនការ ឬយុទ្ធសាស្រ្តអភិវឌ្ឍវិស័យទេសចរណ៍ និង ការចូលរួមដោះស្រាយនូវបញ្ហាប្រឈមរយៈពេលមធ្យម។

ទី២៖ ក្រសួងទេសចរណ៍ត្រូវទទួលភារកិច្ចរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ ២០២៣។ ផែនការសកម្មភាពនេះនឹងត្រូវគិតគូរដោះ-ស្រាយបញ្ហាប្រឈមខាងខ្សែច្រវាក់តម្លៃទាំងមូល សម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលមានជាអាទិ៍ដូចជា ការផ្សព្វផ្សាយ, ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ, ការកែសម្រួលនិងការផ្តល់សេវានៅពេលភ្ញៀវទេសចរមកដល់ នៅពេលស្នាក់នៅនិងនៅពេលត្រឡប់ទៅវិញ, តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារួម ក៏ដូចជាការកែលម្អបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព រាប់ចាប់ពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប, ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានា និងថ្លៃប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ផែនការនេះត្រូវតែមានភាពទាក់ទាញ និង ជាកាតាលីករជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យមានសន្ទុះឡើងវិញ នៅឆ្នាំ ២០២៤ នេះ។ ផែនការសកម្មភាពនេះ ក៏ត្រូវមានការបែងចែកការទទួលខុសត្រូវច្បាស់លាស់រវាងវិស័យរដ្ឋនិងវិស័យឯកជន, គិតគូរពីតម្រូវការថវិកា និង ការតាមដាននិងវាយតម្លៃ ក្នុងស្មារតី «រួមគិត, រួមធ្វើ និង រួមទទួលខុសត្រូវ»៕

អត្ថបទទាក់ទង