តើគណបក្សណា ដែលនៅតស៊ូរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាយើង មិនឈប់ដើរឆ្ពោះទៅមុខនោះទេ ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដែលមានប្រវត្តិរត់ចោលបងប្អូនប្រជាពលរដ្ឋនោះទេ គឺយើងនៅខាំស្មៅជាមួយគ្នា ដូច្នេះសូមជឿទុកចិត្តចុះ។ ជាក់ស្តែង ទោះបីស្ថិតក្នុងថ្ងៃចូលឆ្នាំខ្មែរក៏ដោយ សម្ដេចធិបតីបានគូសបញ្ជាក់ថា ឯកឧត្តមស៊ុន ចាន់ថុល និងក្រុមការងារ អត់មានឈប់សម្រាកនោះទេ ពោលគឺនៅអង្គុយគិតគូរពិចារណា ដើម្បីទាក់ទងចរចាររឿងពាណិជ្ជកម្ម។
សម្តេចធិបតី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នៅស្រុកត្រាំកក់ ខេត្តតាកែវ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន សែន បានថ្លែងបន្តថា រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម នឹងប្រកាសពីវិធានការដើម្បីលុបទប់ស្កាត់និងបង្ការ ដើម្បីបង្ហាញពីឆន្ទៈក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មជាមួយដៃគូរបស់យើង។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ពិតណាស់ ទោះបីមានសង្គ្រាមជាមួយកូវីដ ឬសង្គ្រាមពាណិជ្ជកម្ម និងមិនថាសង្គ្រាមពីឥទ្ធិពលប្រទេសផ្សេងៗទៀតនោះទេ គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែនៅជាមួយប្រជាជនជានិច្ច ហើយតែងតែខិតខំរកវិធីសាស្ត្រនានាដើម្បីជួយជីវិតប្រជាជន ហើយគណបក្សប្រជាជនកម្ពុជាក៏មិនដែលមានប្រវត្តិរត់ចោលប្រជាជននោះដែរ៕