អាជ្ញាធរជាតិអប្សរាកំពុងបង្កើនការបណ្ដុះកូនឈើដើម្បីទុកដាំនារដូវវស្សាខាងមុខ
ស្ថានីយបណ្ដុះបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១០ នៃអាជ្ញាធរជាតិអប្សរា។ ដូចទៅនឹងស្ថានីយដទៃទៀតដែរ ស្ថានីយនេះកំពុងបង្កើន សកម្មភាព បណ្ដុះកូនឈើ ដើម្បីត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។
កញ្ញា ឆេង វុចនា អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា បានប្រាប់ថា ស្ថានីយនេះបណ្ដុះប្រភេទឈើប្រណិត ចំនួន៤ប្រភេទ មានបេង ធ្នង់ គ្រញូង និងច្រេស។ ស្ថានីយនេះកំពុងមមាញឹកក្នុងការរៀបចំលាយដី សាបកូន បណ្ដុះ និងថែទាំយ៉ាងយកចិត្តទុកដាក់ ដែលធានាថា កូនឈើទាំងអស់លូតលាស់បានល្អ។
ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងស្ថានីយ កញ្ញា វុចនា ថា ក្នុងមួយឆ្នាំ ស្ថានីយអាចបណ្ដុះកូនឈើបានប្រមាណ៣ម៉ឺនដើម សម្រាប់ទុកដាំក្នុង តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ចែកចាយទៅខាងក្រៅ។ បច្ចុប្បន្ននេះ ស្ថានីយមានកូនឈើសរុប ប្រមាណ៦ម៉ឺនដើម គឺរាប់ចាប់ពីទើបបាចសាបក្នុងថ្នាល និងរហូតកូនឈើមានកម្ពស់២ម៉ែត្រ។
ក្នុងនាមអ្នកស្រឡាញ់បរិស្ថានមួយរូប កញ្ញា វុចនា សូមឱ្យសាធារណជនទូទៅ ជួយរួមគ្នាដាំកូនឈើ ឱ្យបានកាន់តែច្រើន ស្របពេលដែលពិភពលោកមានបម្រែបម្រួលអាកាសធាតុ ព្រោះថាការងារនេះ នឹងជួយបង្កើនគម្របព្រៃឈើ និងបង្កើតបរិយាកាសឱ្យបានកាន់តែល្អប្រសើរ។ បន្ថែមពីនេះ សូមសាធារណជន ជួយចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើដែលផ្តល់ជូនដោយឥតគិតថ្លៃ ឱ្យបានកាន់តែច្រើន៕