Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្រសួងវប្បធម៌ អរគុណចំពោះការផលិតបទ “ស្រឡាញ់អ្វីដែលខ្មែរមាន”

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1214
ក្រសួងវប្បធម៌ អរគុណចំពោះការផលិតបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ក្រសួងវប្បធម៌ អរគុណចំពោះការផលិតបទ “ស្រឡាញ់អ្វីដែលខ្មែរមាន”

បទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” ដែលផលិតដោយផលិតកម្មល្បី Galaxy Navatra ទទួលបានការសាទរគាំទ្រ យ៉ាងខ្លាំងពីមហាជនខ្មែរ។

នៅពេលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការកោតសរសើរដោយស្មោះអស់ពីដូងចិត្ត ចំពោះការផលិតបទចម្រៀងនេះឡើង ព្រោះបទនេះបានបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍន៍នៅកម្ពុជា និងញ៊ាំងបរិយាកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឲ្យកាន់តែមានភាពអធិកអធម។

បើតាមលិខិតដែលក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ជូនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៉ី ណាវ៉ាត្រា បានលើកឡើងថា “ក្នុង នាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយ ស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ាអគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” (Cambodian Pride) ស្របតាមអនុសាសន៍ និងការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាវប្បធម៌ជាតិ៣មីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ និងញ៊ាំងបរិយាកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ឲ្យកាន់តែមានភាពអធិកអធម”។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តថា “ការផលិតបទចម្រៀង ស្រឡាញ់អ្វីដែលខ្មែរមាន (Cambodian Pride) ដែលបង្កប់នូវ សិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសបានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចង ចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដល់កូនខ្មែរគ្រប់ជំនាន់…”៕