Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1234
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ផ្អែកតាមមូលដ្ឋានច្បាប់ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល ដូចនេះឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើយោងតាមលិខិតរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបជូនឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប្រធាន គ.ជ.ប បានស្នើសុំបញ្ជាក់អំពីភាពមាន ឬមិនមាននីតិសម្បទាឡើងវិញរបស់ឈ្មោះ រ៉ុង ឈុន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានជម្រាបជូនប្រធាន គ.ជ.ប ថា ក្រសួងយុត្តិធម៌បានទទួលលិខិតលេខ ៤៤៧ គ.ជ.ប. ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានខ្លឹមសារស្នើសុំបញ្ជាក់អំពីភាពមាន ឬមិនទាន់មាន នីតិសម្បទាឡើងវិញរបស់ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ តាមអំណាច សាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។

ចំពោះករណីនេះ បន្ទាប់ពីចាត់ឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវរួចមក ក្រសួងយុត្តិធម៌ពិនិត្យឃើញថា៖
១-អំពីការផ្តន្ទាទោសលើឈោ្មះ រ៉ុង ឈុន៖ ឈ្មោះ រ៉ុង ឈុន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២ឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរទោស សាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។ បទល្មើសដែលត្រូវផ្ដន្ទាទោសនេះជាប្រភេទបទមជ្ឈិម។
២-អំពីការមាននីតិសម្បទាឡើងវិញរបស់ទណ្ឌិត៖ ផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌ ទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដោយតុលាការអាចមាននីតិសម្បទាឡើងវិញតាម២ទម្រង់ ដូចខាងក្រោម៖
–ការមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ៖ ផ្អែកតាមមាត្រា៥៣៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការផ្ដល់ឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ អាចត្រូវបានផ្តល់ឱ្យ ឬមិនព្រមផ្តល់ឱ្យដោយសភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ដែលមានការប្រកាសផ្តន្ទាទោសដោយតុលាការនៅក្នុងសមត្ថកិច្ចដែនដីនៃសាលាឧទ្ធរណ៍ ហើយតាមមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ សភាព្រហ្មទណ្ឌអាចពិនិត្យនិងសម្រេចលើការស្នើសុំឱ្យមាននីតិសម្បទាឡើងវិញបាន លុះត្រាតែផុតរយៈពេល៣ឆ្នាំ ចំពោះបទមជ្ឈិម ហើយរយៈពេលនេះត្រូវចាប់ផ្តើមគិតពីការអនុវត្តទោសរួច។
-ការមាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់៖ ផ្អែកតាមមាត្រា៥៤១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នីតិសម្បទាត្រូវមានឡើងវិញដោយពេញលក្ខណៈច្បាប់ នៅពេលផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃ អនុវត្តទោសរួចហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី៥ឆ្នាំទេ ឬក៏ផ្តន្ទាទោសពិន័យ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ផ្អែកតាមមូលដ្ឋានច្បាប់ខាងលើ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូលដូចនេះ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យ មាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ទាក់ទងករណីនេះ គ.ជ.ប បានធ្វើលិខិតជម្រាបទៅប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គ.ជ.ប បានពិនិត្យលើសំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនឃើញថា ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយទេ។ ចំណុចខ្វះខាត ដែលគណបក្សត្រូវបំពេញបន្ថែមមាន ដូចខាងក្រោម៖
១-សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១(មួយ)ច្បាប់។
២-បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។
៣-បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។

សូមជម្រាបថា គណបក្សភ្លើងទៀន បានយកពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ទៅដាក់នៅ គ.ជ.ប កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖ ams.com.kh, ពលជ័យ

 

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌