Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំ និងវិសាខបូជា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1232
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំ និងវិសាខបូជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំ និងវិសាខបូជា

កាលពីអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការវាយតម្លៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធផងដែរ។

អង្គប្រជុំបានពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសមានចំនួនសរុប ៦៦៨នាក់ ក្នុងនោះ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានចំនួន ៣៤៥នាក់ និងទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យវិសាខបូជាមានចំនួន ៣២៣នាក់។

គួររំលឹកថា កម្ពុជាបានកំណត់យកពិធីបុណ្យចំនួន៥ សម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត ក្នុងនោះមាន៖ ទី១. ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ទី២. ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទី៣. ពិធីបុណ្យវិសាខបូជា ទី៤. ពិធីបុណ្យឯករាជ្យជាតិ និងទី៥. ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

ចំណែកក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ២៨៣ នាក់ ស្រី ២៧ នាក់៕