សម្ដេច ម៉ែន សំអន ដឹកនាំបើកពិធីជួបជុំរចនាសម្ពន្ធគណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣
(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំបើកពិធីជួបជុំរចនាសម្ពន្ធ គណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ រួមជាមួយអ្នកចូលរួមដទៃទៀតប្រមាណ២,០០០នាក់ នៅវិមាន៧មករា។
នាឱកាសនោះ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានឱ្យដឹងថា ពិធីជួបជុំរចនាសម្ពន្ធគណៈចលនាមហាជនទូទាំងប្រទេសនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកដល់រចនាសម្ពន្ធរបស់គណៈចលនាមហាជនទូទាំងប្រទេស នូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់សម្រាប់ដំណើរឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
ជាមួយគ្នានោះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់នៃរចនាសម្ពន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានរួមចំណែកដ៏មានសារៈសំខាន់ ក្នុងការរក្សាប្រៀបខ្លាំង និងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតនាពេលកន្លងមក។
សម្ដេច ម៉ែន សំអន បានគូសបញ្ជាក់ថា «ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានក្តាប់នូវអំណាចពេញដៃទាំងស្រុងក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង ក៏ដូចជាការរៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»។
សម្ដេច ម៉ែន សំអន ក៏បានលើកទឹកចិត្តឱ្យសមាជិក-សមាជិកាទាំងអស់ បន្តចូលរួមធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជា នៅតែបន្តរក្សាប្រៀបឈ្នះនាពេលខាងមុន និងអាណត្តិបន្តបន្ទាប់ទៀត។
សូមជម្រាបថា ពិធីជួបជុំរចនាសម្ពន្ធគណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ និងមានការធ្វើបទបង្ហាញចំនួន៣ ដែលនឹងផ្តល់ជាពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៅលើបច្ចុប្បន្នភាព ស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា, បទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ និងការងារមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣៕