Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ថ្នាល Verify.gov.kh របស់កម្ពុជា ទទួលបានពិន្ទុលំដាប់ទី២ក្នុងការប្រកួតកម្រិតពិភពលោក

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 501
ថ្នាល Verify.gov.kh របស់កម្ពុជា ទទួលបានពិន្ទុលំដាប់ទី២ក្នុងការប្រកួតកម្រិតពិភពលោក ថ្នាល Verify.gov.kh របស់កម្ពុជា ទទួលបានពិន្ទុលំដាប់ទី២ក្នុងការប្រកួតកម្រិតពិភពលោក

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានគូសបញ្ជាក់ថា «ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh» ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុង «កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital Service Design 2024» កម្រិតពិភពលោក ដែលរៀបចំនៅក្នុង វេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស ហើយមានប្រព័ន្ធឌីជីថលពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមប្រកួត សរុបចំនួន ៥០។

ជាលទ្ធផល ថ្នាល verify.gov.kh ត្រូវបានជ្រើសរើសចូលទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រជាមួយប្រព័ន្ធឌីជីថលចំនួន៨ទៀត ហើយទទួលបានពិន្ទុនៅលំដាប់ទី២ បន្ទាប់ពី ថ្នាល UgPass របស់ប្រទេសអ៊ូហ្កង់ដា ដែលជាថ្នាលអត្តសញ្ញាណឌីជីថលនិងហត្ថលេខាអេឡិចត្រូនិក។ ថ្នាលនេះ បានឈ្នះ មេដាយមាស សម្រាប់សេវាសាធារណៈ ក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលល្អជាងគេក្នុងតំបន់។

តាមក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា វេទិកា WSIS+20 នេះ ត្រូវបានរៀបចំរួមគ្នាដោយស្ថាប័នជំនាញ ៤ របស់អង្គការសហប្រជាជាតិ គឺ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អង្គការយូណេស្កូ (UNESCO) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហការឌីជីថលរបស់សកលលោក ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ។ វេទិកានេះ មានការចូលរួមពីប្រតិភូជាន់ខ្ពស់ប្រមាណ ៥០០ រូប មកពីអង្គការជាដៃគូរបស់អង្គការសហប្រជាជាតិប្រមាណ ៤០ និងប្រទេសប្រមាណ ១៦០ ប្រទេស ក្នុងនោះ មានអ្នកចូលរួមប្រមាណ ៨០ រូប ជារដ្ឋមន្ត្រី និងជាប្រធាននិយ័តករនៃវិស័យឌីជីថល។

សូមបញ្ជាក់ជូនថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ ឯកសារមានជាអាទិ៍ អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត សញ្ញាបត្រ បណ្ណសម្គាល់ខ្លួន និងឯកសារផ្សេងៗទៀត ដែលមានដាក់បញ្ចូលឃ្យូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh គឺអាចយកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

ជាមួយគ្នានេះដែរ ការដាក់ឱ្យប្រើថ្នាល verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា កាត់បន្ថយចំណាយ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល៕