សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត
នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តទទួលជួបពិភាក្សាការងាបន្តទៀតជាមួយ ឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។
ក្នុងជំនួបនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី ទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រុំជ្រែងកិច្ចការងារយ៉ាងច្រើន ពីដើមរៀងមក ដើម្បីឲ្យសមាគមអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកទី១១ ជាមួយគ្រួសារអាស៊ាន។ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត ក៏បានជំរាបសម្តេចតេជោថា វត្តមានរបស់ទីម័រខាងកើតមកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ ។ ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រខាងកើត បានជំរាបសម្តេចថា ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានជ្រោមជ្រែង។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីបំណងរបស់សម្តេចចង់ឲ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន ។ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចចង់ឲ្យទីម័រមានសន្តិសុខស្បៀង។ សម្តេចបន្តថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។ សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។
ឯកឧត្ដមនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានទទួលយកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងនេះ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង៕