សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ក្របខណ្ឌរដ្ឋជូនកូនប្រុសព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ
នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចផ្ដល់ក្របខណ្ឌរដ្ឋជូនកូនប្រុសម្នាក់ក្នុងចំណោម១០នាក់របស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។ ការសម្រេចផ្ដល់ជូនក្របខណ្ឌរដ្ឋរបស់សម្ដេចធិបតី ធ្វើឡើងក្រោយពីលោក គង់ បុរាណ កូនប្រុសម្នាក់ក្នុងចំណោម១០នាក់បានប្រកាសសុំក្របខណ្ឌរដ្ឋពីថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីបានចូលខ្លួនបម្រើរដ្ឋបន្ដពីឪពុកដែលទើបតែបានចែកឋានទៅកាលពីពេលថ្មីៗនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពតាមសំណើលោក គង់ បុរាណ ដោយសម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ៕