ឯកឧត្ដម វង្សី វិស្សុត៖ រយៈពេល១៦ឆ្នាំ អ.វ.ត.ក. សម្រេចបានសមិទ្ធផលសំខាន់ៗចំនួន៣ ដែលទទួលស្គាល់ និងគាំទ្រពីសហគមន៍អន្ដរជាតិ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្ដមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកកម្ពុជា ដើម្បីកាត់កាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ( អ.វ.ត.ក.) បានឱ្យដឹងថា នៅក្នុងរយៈពេល១៦ឆ្នាំមកនេះ អ.វ.ត.ក. សម្រេចបានសមិទ្ធផលសំខាន់ៗចំនួន៣ ដែលទទួលស្គាល់ និងគាំទ្រពីសហគមន៍អន្ដរជាតិ។
ថ្លែងនៅក្នុងពិធី ទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារអនុវត្ដមុខងារសេសសល់របស់ អ.វ.ត.ក. នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលនានាពាក់ព័ន្ធនឹងការកាត់សេចក្តី របស់ អ.វ.ត.ក. ក្រោយពីបានបញ្ចប់ប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល ១៦ឆ្នាំ ជាមួយនឹងការគាំទ្រនិងទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ សមិទ្ធផលចំនួនបីដែល អ.វ.ត.ក. សម្រេចបានមានដូចជា៖
(១). បណ្ណសារតុលាការ មានចំនួនសរុប ២៣៣ ៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង)
(២). កេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃ សន្តិភាព, ការផ្សះផ្សាជាតិ, ការស្វែងរកការពិត, ការពង្រឹងនីតិរដ្ឋ, និងជាពិសេស ការ ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មដ៏សា ហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជនកម្ពុជាជាង ៣ លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃ របបដ៏សាហាវយង់ឃ្នងនេះ និង
(៣). បានចូលរួមចំណែកដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់និងយុត្តិធម៌ តាមរយៈ ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្ត្រីតុលាការនិងមន្ត្រីច្បាប់ ដូចជាការ ផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធជាច្រើនពីអ.វ.ត.ក. ទៅដល់ប្រព័ន្ធ តុលាការជាតិនិងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ជាក់ស្តែង គំរូរដ្ឋបាល តុលាការរបស់ អ.វ.ត.ក. ត្រូវបានយកមកបង្កើត និងបាននិងកំពុងដាក់ឱ្យអនុវត្តនៅ ក្នុងប្រព័ន្ធតុលាការជាតិសព្វថ្ងៃ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់ប្រាប់អង្គពិធីទាំងមូលផងដែរថា អ.វ.ត.ក. ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដោយមានអង្គការសហប្រជាជាតិចូលរួម ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងគោលដៅធានា សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ។ អ.វ.ត.ក. ក៏បានបង្កើតជាតុលាការគំរូអន្តរជាតិមួយផងដែរ ក្នុងការកាត់ ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយ ប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាព នៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ សម្រេចបានយុត្តិធម៌ជូនជន រងគ្រោះ និងធានាបាននូវនិរន្តរភាពនៃសុខសន្តិភាពជូនជាតិមាតុភូមិ៕