លិខិតមិត្តអ្នកអាន៖ សិទ្ធិមនុស្ស សិទ្ធិសេរីភាព និងប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋ និងទំនៀមទំលាប់វប្បធម៌នយោបាយនៃរដ្ឋឣធិបតេយ្យ
ថ្ងៃទី១០ ធ្នូ គឺពិតជាទិវាសិទ្ធិមនុស្សឣន្តរជាតិ ហើយដែលប្រទេសកម្ពុជាក្រោយមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ គឺជាប្រទេសហត្ថលេខីមួយ នៃសេចក្តីថ្លែងការណ៍ជាសាកលរបស់ឣង្កការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស ហើយជាការពិតផងដែរកម្ពុជាក៏ជាហត្ថលេខីនៃឣនុសញ្ញា និងកតិកាសញ្ញាព្រមទាំងឣនុសញ្ញាជាច្រើនទៀត ទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិកុមារ សិទ្ធិស្ត្រី។ល។ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ក្នុងជំពូក៣ បានចែងកំណត់យ៉ាងជាក់ច្បាស់ឣំពី សិទ្ធិ និងករណីកិច្ច របស់ពលរដ្ឋខ្មែរ ដែលមានចំនួន២០មាត្រា ពិសេស ក្នុងមាត្រា៣៣ ចែងថា ប្រទេសកម្ពុជាទទួលស្គាល់ និង គោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញឣង្កការសហប្រជាជាតិ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងឣនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងឣស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា និងជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត សង្គម ធនធាន ឬ ស្ថានភាណឯទៀតឡើយ។ ប៉ុន្តែការប្រើសិទ្ធិសេរីភាពនេះ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពឣ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។ សម្រាប់កម្ពុជា សិទ្ធិមនុស្ស សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យត្រូវតែឈរលើនីតិរដ្ឋរឹងមាំ ឆ្លើយតបទៅនឹងតថភាពជាក់ស្តែងនៃសង្គមនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនានៃប្រទេសកម្ពុជា។ ក្នុងទស្សនៈប្រាកដនិយមក្នុងបរិបទសង្គមខែ្មរ ដែលធ្លាប់ទទួលរងការបំផ្លិចបំផ្លាញហិនហោចស្ទើតែទាំងស្រុងនៃហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់ផ្នែក គ្រប់វិស័យ និងការបាត់បង់ធនធានមនុស្ស ដោយសារតែភ្លើងសង្រ្គាមផ្ទៃក្នុងកន្លងមក ដែលចាំបាច់ត្រូវធានាការពារ ជ្រោងទង់សន្តិភាព ស្ថិរភាពសង្គមឲ្យបានរឹងមាំ ពិសេស ការកសាង និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនឱ្យបានល្អប្រសើរ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជាមួយនេះ។ ក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន ការលើកច្រំដែលៗអំពីសិទ្ធិមនុស្ស សិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ ជាការពិត វាគ្រាន់តែជាការតស៊ូមតិខាងនយោបាយមួយ ក្នុងចំណោមកម្លាំងនយោបាយក្នុងប្រទេសមួយ ដើម្បីទទួល បានអំណាចពីប្រជាជនជាម្ចាស់ឆ្នោតដោយឈរលើមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល។ សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យ ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាគោលការណ៍គ្រឹះដើម្បីអនុវត្ត។ ក៏ប៉ុន្តែសិទ្ធិមនុស្ស សិទ្ធិសេរីភាព និង ប្រជាធិបតេយ្យ ពិតជាមានចំណងទាក់ទងគ្នាជាមួយនឹងនីតិរដ្ឋ។ ដូច្នេះហើយសិទ្ធិសេរីភាព និង ប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋត្រឹមត្រូវ។ ប្រសិនបើ គ្មាននីតិរដ្ឋ ប្រជាធិបតេយ្យនឹងក្លាយទៅជាអាណាធិបតេយ្យ ប្រទេសលែងមានច្បាប់ សង្គមគ្មានសណ្តាប់ធ្នាប់ ឈានទៅដល់ចលាចលសង្គម ដែលមិនអាចគ្រប់គ្រងបាន។
សម្រាប់បរិបទនៃប្រទេសកម្ពុជាបច្ចុប្បន្ន លទ្ធិប្រជាធិបតេយ្យ ត្រូវឈរលើនីតិរដ្ឋរឹងមាំយ៉ាងប្រាកដ ដើម្បីឆ្លើយតបទៅនឹងតថភាពជាក់ស្តែងក្នុងសង្គមនយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី ព្រមទាំងជំនឿសាសនា ព្រមទាំងឆ្លើយទៅនឹងលក្ខណៈ ពិសេសនៃស្ថានភាពធ្លាក់ចុះបាក់បែកនៃសង្គមកម្ពុជា អស់ជាច្រើនទសវត្សកន្លងមក ដែលពិបាកស្តារ និងកសាងឡើងវិញ លើគ្រប់ផ្នែក គ្រប់វិស័យនៃសង្គមទាំងមូល។ ដូច្នេះហើយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ មិនអាចត្រូវបានប្រទេសណាមួយចាំបាច់ត្រូវចម្លងពីប្រទេសមួយទៅប្រទេសមួយបានឡើយ» ពោល គឺ ប្រជាធិបតេយ្យអាចនឹងឋិតឋេរ គង់វង្ស និងអភិវឌ្ឍស្របតាមលក្ខណៈដោយឡែកទៅតាមប្រវត្តិសាស្ត្រ នយោបាយ សង្គម សេដ្ឋកិច្ច និងស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗជាចាំបាច់។
ជារួម ពួកបស្ចឹមប្រទេស ដែលបានបង្កើតអារហារប្រជាធិបតេយ្យ ឬ យើងអាចនិយាយបានថា ដូចជានំភីហ្សា ឬ ដូណាត់ អាចជាអារហារសមរម្យសម្រាប់ប្រជាជននៅបស្ចឹមប្រទេសអាចញ៉ាំបានគ្រប់គ្នារាល់ថ្ងៃបាន។ ប៉ុន្តែ នៅកម្ពុជា អារហារបែបនោះ មិនអាចញ៉ាំបានគ្រប់គ្នាទេ និងរាល់ថ្ងៃបានទេ។ ហើយ ប្រទេសនីមួយៗចាំបាច់ត្រូវជ្រើសរើសទម្រង់ ឬ របៀបដឹកនាំមួយ ដែលត្រូវឆ្លើយតបទៅនឹងអ្វីដែលប្រាកដនិយម តថភាពជាក់ស្តែង ស្របតាមលក្ខណៈដោយឡែកនៃសង្គមនយោបាយ សេដ្ឋកិច្ច ទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនារបស់ខ្លួនជាចាំបាច់ ហើយរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ គឺ ជាច្បាប់កំពូលនៃប្រទេស ដែលបានកំណត់ជាគោលការណ៍គ្រឹះសម្រាប់ការដឹកនាំរដ្ឋ ដោយបានកំណត់ថា កម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលឆ្លើយតបទៅនឹងលក្ខណៈពិសេសបរិបទនយោបាយសង្គមខ្មែរ។ ក្នុងទស្សនៈប្រាកដនិយម សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីធ្វើប្រជាធិបតេយ្យមួយអាចចាក់គ្រឹះរឹងមាំនៅ កម្ពុជាឋិតឋេរយូរអង្វែងទៅបាន គឺ កត្តាសន្តិភាព ស្ថិរភាពសង្គមកម្ពុជាត្រូវបានពង្រឹង ការពារលើមូលដ្ឋាននៃការបង្កើតច្បាប់ និងអនុវត្តច្បាប់ត្រឹមត្រូវ ស្របនឹងការអភិវឌ្ឍធនធានមនុស្ស និងជីវភាពប្រជាជនកាន់តែល្អប្រសើរ ដែលនឹងអាចធានាបាននូវការគ្រប់គ្រង ឬ ការដឹកនាំរដ្ឋមួយខ្លាំង ហើយរឹងមាំឋិតឋេរយូរអង្វែង៕
ដោយ៖ ឡុង បូរិតា