Khmer First Close

ហេតុអ្វីរាជរដ្ឋាភិបាលបញ្ជូន «ជនដៃដល់បាញ់សម្លាប់ លឹម គឹមយ៉ា» ត្រឡប់ទៅប្រទេសថៃវិញ?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ 167

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងទៅថ្មីៗ បន្ទាប់ពីមានឃាតកម្មលើអតីតតំណាងរាស្រ្តនៅទីក្រុងបាងកកប្រទេសថៃ ពួកប្រឆាំងបានចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជាជាអ្នកនៅពីក្រោយ។ សម្តេចបានបន្តថា បើសិនវាជាការពិតដូចបុគ្គលមួយចំនួនបានចោទប្រកាន់មែននោះរាជរដ្ឋាភិបាលមិនចាំបាច់បញ្ជូនជនដៃដល់ទៅឱ្យភាគីថៃវិញទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបញ្ជូនខ្លួនជនដៃដល់ទៅឱ្យប្រទេសថៃ គឺដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនមានជាប់ពាក់ព័ន្ធអ្វីទៅនឹងអំពើឃាតកម្មលើអតីតតំណាងរាស្រ្តនោះឡើយ ហើយមិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាក៏បានសហការយ៉ាងសកម្មដើម្បីធ្វើកិច្ចការងារនេះជាមួយភាគីថៃផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវកុំឱ្យក្រុមប្រឆាំងយកបញ្ហាឃាតកម្មនេះមកកេងចំណេញនយោបាយ ដោយចោទប្រកាន់ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលដូចដែលពួកគេធ្លាប់បានធ្វើនាពេលកន្លងមកឱ្យសោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ »នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង