តើរាជរដ្ឋាភិបាលត្រូវធ្វើខ្លះដើម្បីរក្សាតុល្យភាពសន្តិសុខស្បៀង?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក់ព័ន្ធនឹងសន្តិសុខស្បៀង រាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវទៅលើអ្នកផលិត ឬអ្នកដាំដុះ និងអ្នកប្រើប្រាស់ ពោលគឺរក្សាតុល្យភាព ដោយដៃម្ខាងត្រូវរក្សាតម្លៃទីផ្សារល្អសម្រាប់កសិករ ហើយដៃម្ខាងទៀតត្រូវធានាកុំឱ្យតម្លៃទំនិញឡើងថ្លៃពេក ជាពិសេសចំណីអាហារ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកវិភាគជ្រុលនិយមមួយចំនួននៅក្រៅប្រទេសតែងតែញុះញុង់ប្រជាកសិករអំពីបញ្ហាតម្លៃស្រូវចុះថោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់លើកសិករ និងកសិកម្មមិនគិតតែលើតម្លៃទីផ្សារតែមួយមុខទេ ពោលគឺមុននឹងឈានទៅដល់ការគិតគូរតម្លៃទីផ្សារ ដំបូងយើងត្រូវមានដីសិន ហើយដីនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំចុះបញ្ជី និងចែកបណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកដែលអត់ដី។ ទី២គឺទឹក បើគ្មានទឹក ប្រជាពលរដ្ឋក៏មិនអាចធ្វើការដាំដុះបានដែរ ជាក់ស្តែងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការកសាងទំនប់ប្រឡាយច្រើនសម្រាប់ធានាទឹកស្រោចស្រពទាំងខែប្រឆាំង និងខែវស្សា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុន រ៉ានីហ៊ុន សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ »នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕