សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល តែងតែមានការចូលរួមពីសមាគមឧកញ៉ា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល តែងតែមានការជូលរួមពីសមាគមឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា នៅគ្រប់ស្ថានភាពទាំងអស់ ជាពិសេសសកម្មភាពចូលរួមជាមួយកាកបាទក្រហមកម្ពុជា និងសកម្មភាពសប្បុរសធម៌នៅក្នុងសង្គមជាច្រើនទៀត។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការងារសង្គម ជួយដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើមនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់សមាគមឧកញ៉ា បានចូលរួម ចំណែកយ៉ាងសំខាន់ចំពោះការរីកចម្រើនរបស់ប្រទេសជាតិយើង ជាពិសេសគឺចែករំលែកនូវការ រីកចម្រើនទាំងអស់នោះជាមួយប្រជាជនកម្ពុជាទាំងមូលផងដែរ៕