តើរាជរដ្ឋាភិបាលកសាងសមិទ្ធផលនានាដើម្បីអ្វី?
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងកសាងសមិទ្ធផលនានា ជាក់ស្តែងដូចកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះស្រាប់ ដើម្បីចូលរួម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈសមិទ្ធផល កំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដល់ការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍នេះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗជាច្រើនទៀតជាបន្តបន្ទាប់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងសមិទ្ធផលនានានៅលើទឹកដីកម្ពុជា បានបង្ហាញពីនិមិត្តរូបនៃការបន្តអភិវឌ្ឍរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលចំណុចនេះ ឆ្លុះបញ្ចាំងថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសកម្ពុជាយើងបន្តអភិវឌ្ឍទៅមុខជានិច្ច៕