Khmer First Close

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីទីម័រឡេស្តេដែលនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 153
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីទីម័រឡេស្តេដែលនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីទីម័រឡេស្តេដែលនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរឯកឧត្តម Kay Rala Xanana GUSMAO នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេស្តីពីការចូលជាសមាជិកពេញសិទ្ធិអាស៊ានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ គឹជាខណៈវេលាដ៏មានមោទនភាពមួយសម្រាប់ប្រជាជនទីម័រ និងជាសក្ខីភាពនៃសាមគ្គីភាព មជ្ឈភាព និងការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះសមាហរណកម្មក្នុងតំបន់។

នៅក្នុងលិខិតអបអរសាទរចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានដឹងពីសេចក្តីប្រកាសដ៏មានសារៈសំខាន់របស់ប្រធានអាស៊ាន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម Dato’ Seri Anwar Ibrahim ចំពោះការចូលជាសមាជិកទី១១ នៃអាស៊ានរបស់ទីម័រឡេស្តេក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខ ដែលជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់តំបន់របស់យើង។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាមិត្តដ៏យូរអង្វែង កម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងដល់សមាជិកភាពអាស៊ានរបស់ទីម័រឡេស្តេ ដែលនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការលើកកម្ពស់ឯកភាព បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងអាស៊ីអាគ្នេយ៍។ ប្រឈមមុខនឹងបរិការណ៍សកលលោកកាន់តែស្មុគស្មាញ ការដាក់បញ្ចូលទីម័រឡេស្តេជាសមាជិកអាស៊ាន ពង្រឹងចក្ខុវិស័យរួមរបស់យើងសម្រាប់សហគមន៍អាស៊ានដែលធន់ និងស្អិតរមួត៕

អត្ថបទទាក់ទង