សមាជរដ្ឋសភា និងព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំលើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម និងប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយជោគជ័យ

សមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយបានពិភាក្សាគ្នាយ៉ាងផុលផុសទៅលើប្រធានបទស្តីអំពីប្រព័ន្ធគាំពារសង្គម និងប្រធានបទស្តីអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចុះថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥។
មុនផ្តើមកិច្ចប្រជុំតាមរបៀបវារ: អង្គសមាជ បានចេញសេចក្តីថ្លែងការណ៍គាំទ្រ រាជរដ្ឋាភិបាល ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីរំលត់បញ្ហា និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ ជាជាងអង្គុយបក់ផ្សែង។
សម្រាប់ប្រធានបទប្រព័ន្ធគាំពារសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពូជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ចាត់ទុកប្រព័ន្ធគាំពារសង្គមជាការងារអាទិភាព ដូចមានចែងក្នុងបញ្ចកោណទី១៖ ការអភិវឌ្ឍ មូលធនមនុស្ស ផ្នែកទី៤ ស្តីពីការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពបត់បែនដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុគ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជាការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាប្រជាសាស្ត្រជាទូទៅ សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ សម្រាប់ចាប់ផ្តើម អនុវត្តភា្លមក្នុងឆ្នាំ២០២៣ ដោយកម្មវិធីគោលនយោបាយចំនួន ៣ មានគោលបំណងបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម រួមមាន៖
១. ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង
ហានិភ័យនៅទូទាំងប្រទេស និង
៣. ការធ្វើស្ថាបនូនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ បន្ថែមលើនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ត្រូវបានដាក់ប្រកាសអនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្រាប់ប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨នេះ ត្រូវបានដាក់ប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(គ.ស.អ.ស.ក.) តាមរយៈអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដែលមានតួនាទី និងភារកិច្ចចម្បងក្នុងការសម្របសម្រួលការងារ និងអនុវត្តសកម្មភាពស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំផែនការសកម្មភាពលម្អិត សូចនាករគន្លឹះ ការបែងចែកតួនាទីភារកិច្ច និងវិធានការគន្លឹះដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនូវការអនុវត្ត។ លើសពីនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីជាមធ្យោបាយសម្រាប់កំណត់អត្តសញ្ញាណប្រភេទមុខរបរ និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចផ្ដល់ការគាំទ្រផ្សេងៗបានទាន់ពេល និងចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ៕