សម្តេចតេជោ ហ៊ុន សែន ចង់ស្នើឱ្យសិក្សាវិសោធនកម្មច្បាប់ដើម្បីដកសញ្ជាតិខ្មែរ ពីបុគ្គលដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្តេចមានគោលបំណងក្នុងការស្នើឲ្យពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់ដើម្បីដកសញ្ជាតិខ្មែរ ពីពលរដ្ឋណាដែលបានឃុបឃិតជាមួយបរទេសចង់បំផ្លាញសេចក្តីសុខ និងសន្តិភាពនៅកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលបំណងបង្កើតច្បាប់ដកសញ្ជាតិនេះ ដើម្បីកុំឱ្យបរទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាតាមរយៈការប្រើប្រាស់ខ្មែរមួយចំនួនតូចឱ្យមកបំផ្លាញ សេចក្តីសុខរបស់ប្រជាជាតិខ្មែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មិនមានចែងពីការដកសញ្ជាតិ ឬមិនអាចនិរទេសពលរដ្ឋខ្មែរខ្លួនឯងបានឡើយ ប៉ុន្តែ បើសិនក្នុងករណីដែលបុគ្គលនោះបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ បំផ្លាញដល់កម្ពុជា តើគួរមានច្បាប់សម្រាប់ចាត់វិធានការចំពោះបុគ្គលនោះដែរឬទេ?