Khmer First Close

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការមិនបញ្ចេញព័ត៌មានអំពីកងកម្លាំងជាតិត្រូវយោធាថៃចាប់ខ្លួន គឺដើម្បីបង្កាកុំឱ្យពួកគេមានគ្រោះថ្នាក់

ដោយ៖ សម្បត្តិ កិត្យា ​​ | 18 ម៉ោងមុន ព័ត៌មានជាតិ 38
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការមិនបញ្ចេញព័ត៌មានអំពីកងកម្លាំងជាតិត្រូវយោធាថៃចាប់ខ្លួន គឺដើម្បីបង្កាកុំឱ្យពួកគេមានគ្រោះថ្នាក់ អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការមិនបញ្ចេញព័ត៌មានអំពីកងកម្លាំងជាតិត្រូវយោធាថៃចាប់ខ្លួន គឺដើម្បីបង្កាកុំឱ្យពួកគេមានគ្រោះថ្នាក់

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ការមិនបញ្ចេញព័ត៌មានអំពីកងកម្លាំងជាតិដែលត្រូវយោធាថៃចាប់ខ្លួន គឺដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងទាំងនោះ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ដូច្នេះ ពាក់ព័ន្ធនឹងបងប្អូន២០រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃនេះ ការមិនបញ្ចេញព័ត៌មាន គឺមិនមែនជាការលាក់កំបាំងព័ត៌មាននោះទេ ប៉ុន្តែនៅក្នុងដំណាក់កាលដែលមិនមានភាពជាក់លាក់ចំពោះជោគវាសនារបស់បងប្អូនទាំងអស់នោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំកងទ័ព ត្រូវយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការយ៉ាងណា ដើម្បីធានាឱ្យខាងតែបាននូវសុវត្ថិភាពរបស់ពួកគាត់ រួមទាំងការបញ្ចេញព័ត៌មានជាសាធារណៈ ព្រោះការបញ្ចេញព័ត៌មានជាសាធារណៈពេលខ្លះ អាចបង្កឱ្យមានគ្រោះថ្នាក់ទៅដល់បងប្អូនយើងទាំងអស់នោះទៅវិញទេ»។

លោកជំទាវបានបន្តថា «នាងខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា រាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល រួមទាំងការបញ្ចេញព័ត៌មានជាសាធារណៈ នៅកម្រិតណា និងពេលណា គឺសុទ្ធតែក្នុងន័យដើម្បីការពារឱ្យបានជាអតិបរិមានូវអាយុជីវិត និងសុខសុវត្ថិភាពរបស់កងកម្លាំងយើង ជាពិសេសនៅពេលដែលពួកគាត់ស្ថិតនៅក្នុងស្ថានភាពជាចំណាប់ខ្មាំងរបស់គេ ដែលផុតពីការគ្រប់គ្រងរបស់យើង»។

ទោះយ៉ាងណា លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា «និយាយបែបនេះ មិនមែនបានន័យថា រាជរដ្ឋាភិបាលមិនបានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីទាមទារយកបងប្អូនរបស់យើងត្រលប់មកវិញនោះទេ។ ជាក់ស្តែង នៅពេលដែលមានសភាពការណ៍កើតឡើងភ្លាម ថ្នាក់ដឹកនាំភូមិភាគរបស់យើងបានទាក់ទងជាមួយថ្នាក់ដឹកនាំខាងភូមិភាគថៃ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេបញ្ជូនបងប្អូនរបស់យើងត្រលប់មកវិញឱ្យបានឆាប់រហ័សតាំងពីពេលនោះមកម្លេះ»។

ជាមួយគ្នានេះ លោកជំទាវឧត្តមសេនីយ៍ឯក បានស្នើឲ្យភាគីថៃឆាប់បញ្ជូនកងកម្លាំងកម្ពុជាដែលយោធាថៃបានចាប់យកទៅនោះត្រឡប់មកកម្ពុជាវិញ ដោយបានអំពាវនាវថា «ក្នុងពេលជាមួយគ្នានេះ យើងអំពាវនាវឱ្យភាគីថៃជួយមើលការខុសត្រូវចំពោះបងប្អូនយើងនៅទីនោះឱ្យបានល្អ និងឆាប់បញ្ជូនពួកគេឱ្យវិលត្រលប់មកវិញឱ្យបានឆាប់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»។

គួរបញ្ជាក់ថា បើតាមលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានថ្លែងទៅកាន់អនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ដែលចុះទៅពិនិត្យតាមព្រំដែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ កងទ័ពថៃបានប្រើកលល្បិចបក់ដៃហៅកងទ័ពកម្ពុជាទៅចរចា ហើយនៅពេលកងទ័ពកម្ពុជាទៅដល់ ពួកគេក៏លើកកាំភ្លើងភ្ជង់រួចចាប់កងទ័ពកម្ពុជា២០នាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃត្រូវបានចូលជាធរមានរួចទៅហើយ៕

អត្ថបទទាក់ទង