ការវាយដំធ្វើបាប និងគំរាមកំហែងពលករខ្មែរធ្វើការនៅថៃ ពីសំណាក់ជនជ្រុលនិយមថៃ ជាទង្វើអមនុស្សធម៌ ខុសច្បាប់ និងមិនអាចអត់ឱនឱ្យបាន

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៅម៉ោង ១១:០០នាទីព្រឹក ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ប្រជាពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងព្រះរាជាណាចក្រថៃ បាននិងកំពុងត្រូវបានវាយដំធ្វើបាប និងគំរាមកំហែងពីសំណាក់ជនជ្រុលនិយមថៃ ដែលជាទង្វើអមនុស្សធម៌ ខុសច្បាប់ និងមិនអាចអត់ឱនឱ្យបាន។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «យើងក៏ទទួលបានរបាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងការវាយដំ ធ្វើបាប និងគំរាមកំហែងពីសំណាក់ជនជ្រុលនិយមថៃ មកលើបងប្អូនប្រជាពលរដ្ឋយើងនៅទីនោះ ដែលនេះជាទង្វើអមនុស្សធម៌ ខុសច្បាប់ និងមិនអាចអត់ឱ្យនឱ្យបាន»។
លោកជំទាវ ម៉ាលី សុជាតា បានស្នើឲ្យភាគីថៃចាត់វិធានការជាបន្ទាន់ និងចាប់ជនល្មើសទាំងនោះឱ្យមកទទួលទោសចំពោះអំពើឧក្រិដ្ឋរបស់ខ្លួន ដោយយុត្តិធម៌ និងមានតម្លាភាព។ លោកជំទាវ ម៉ាលី សុជាតា៖ «កម្ពុជាអំពាវនាវដល់អជ្ញាធរថៃចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រជាជពលរដ្ឋខ្មែរនៅទីនោះ ក៏ដូចជាចាប់ជនល្មើសទាំងនោះឱ្យមកទទួលទោសចំពោះអំពើឧក្រិដ្ឋរបស់ខ្លួន ដោយយុត្តិធម៌ និងមានតម្លាភាព»។
គួរបញ្ជាក់ថា នេះជាថ្ងៃទី៥ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕