អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំ(RBC)លើកទី២៧បានចាប់ផ្តើមហើយនៅថ្ងៃនេះស្របតាមស្មារតីកិច្ចប្រជុំ(GBC) នៅប្រទេសម៉ាឡេស៊ីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះកិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) លើកទី២៧រវាងយោធភូមិភាគទី៣នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី ត្រាតបានចាប់ផ្តើមកិច្ចប្រជុំហើយព្រឹកនេះនៅខេត្តត្រាតប្រទេសថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិបានគូសរំលឹកថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល និងកិច្ចប្រជុំវិសាមញ្ញក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) លើកទី២៧ខាងលើនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតអោយមានក្រុម(IOT) ហើយ ក៏មានចែងអោយកោះប្រជុំ(RBC) ក្នុងរយៈពេលពីរសបា្តហ៍បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលទីតាំងកិច្ចប្រជុំនឹងត្រូវកំណត់ស្របទៅតាមការធ្វើជាម្ចាស់ផ្ទះប្តូរវេនជាទៀងទាត់៕