Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើរាជរដ្ឋាភិបាល ពិតជាមិនបានគិតគូរពីអាយុជីវិតកងកម្លាំងកម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ទើបមិនបញ្ចេញព័ត៌មានដូចការលើកឡើងឬទេ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ 177
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើរាជរដ្ឋាភិបាល ពិតជាមិនបានគិតគូរពីអាយុជីវិតកងកម្លាំងកម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ទើបមិនបញ្ចេញព័ត៌មានដូចការលើកឡើងឬទេ? សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើរាជរដ្ឋាភិបាល ពិតជាមិនបានគិតគូរពីអាយុជីវិតកងកម្លាំងកម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ទើបមិនបញ្ចេញព័ត៌មានដូចការលើកឡើងឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានបកស្រាយនូវចម្ងល់របស់ប្រជាពលរដ្ឋខ្មែរជុំវិញព័ត៌មានពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួនក្រោយពីមានបទឈប់បាញ់ ដែលមានខ្លឹមសារដូចតទៅ៖

ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាល ខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើងដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។

នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។

ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់អោយប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។

ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើង បានទាក់ទងទៅភាគីថៃ ដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជា បានទាក់ទងជាប្រចាំជាមួយសមភាគីថៃ ដើម្បីស្នើឲ្យមានការដោះលែងយោធិនយើងត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ អោយជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ។

ខ្ញុំសង្ឃឹមថាកងទ័ពថៃនឹងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត៕

អត្ថបទទាក់ទង