អ្នកនាំពាក្យក្រសួងការពារជាតិ៖ រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសេចក្តីសម្រេចមួយ បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលក្រុមការងារនេះ គឺបានបង្ហាញអំពីឆន្ទៈច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមខ្លួនជាស្រេចក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាឱកាសនោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា សមាសភាពក្រុមការងារសម្របសម្រួលនេះ រួមមាន៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធាន និងឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាអនុប្រធាន និងទី៣ ឯកឧត្តមឧត្តមសេនីយ៍ រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រួសួងការពារជាតិ ជាអនុប្រធាន ព្រមទាំងរួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ និងនាយទាហានជាន់ខ្ពស់មួយចំនួនទៀតជាថ្នាក់ដឹកនាំមកពីក្រសួងការពារជាតិផង និងមកពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាសមាជិកផងដែរ។
ជាមួយគ្នានោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រុមការងារសម្របសម្រួល គឺដើម្បីផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ៕