អ្នកនាំពាក្យក្រសួងការពារជាតិ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ទៀ សីហា ស្វាមគមន៍និងអបអរសាទរលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំ(RBC)រវាងយោធភូមិភាគទី៤កម្ពុជានិងភូមិភាគទី២ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រោយកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាថ្ងៃម្សិលមិញនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមឧត្តមសេនីយ៍ឯក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានខ្លឹមសារដូចតទៅ៖
១. សាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥។
២.សាររបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍អបអរសាទរចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ជាមួយយោធភូមិភាគទី២ថៃ ដោយឈរលើស្មារតីការឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញ(GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព។
ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ព្រមទាំងការបង្កើនជំនឿទុកចិត្តគ្នា ក្នុងគោលបំណងត្រឡប់ទៅរកប្រក្រតីភាពវិញ៕