អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន(អន្តរកាល) នឹងចុះសង្កេតមើលការអនុវត្តបទឈប់បាញ់រយៈពេល២សប្ដាហ៍ពេញ

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន(អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី និងមានការចូលរួមពីបណ្ដាប្រទេសចំនួន៦ ផ្សេងទៀត នឹងអញ្ជើញទៅសង្កេតការណ៍នៅតាមបណ្ដាទីតាំងមួយចំនួនដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងនោះរួមមានខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយបេសកកម្មលើកនេះនឹងធ្វើឡើងរយៈពេល២សប្ដាហ៍ពេញ។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ជាលើកទី២ ដែលក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន(អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី និងមានការចូលរួមពីបណ្ដាប្រទេសចំនួន៦ ផ្សេងទៀតមានដូចជាឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី វៀតណាម នឹងអញ្ជើញទៅសង្កេតការណ៍នៅតាមបណ្ដាទីតាំងមួយចំនួនដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងនោះរួមមានខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ ដែលសកម្មភាពនេះកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់។ ហើយមកទល់ពេលនេះ បានធ្វើឲ្យស្ថានការណ៍នៅតាមព្រំដែនបានធូរស្រាលច្រើនឡើងជាងមុន»។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថាការបំពេញបេសកម្មនេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមរបស់ប្រទេសទាំងអស់ ក្នុងការធ្វើឲ្យបទឈប់បាញ់រវាងកម្ពុជា-ថៃ ទទួលបានជោគជ័យ និងយូរអង្វែង។ លោកជំទាវ ម៉ាលី សុជាតា៖ «ការអញ្ជើញចុះទៅលើកទី២នេះ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន(អន្តរកាល) ដែលដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី បំពេញបេសកកម្មលើកនេះគឺមានរយៈពេលរហូតដល់ ២សប្ដាហ៍ពេញ។ ហើយការចូលរួមរបស់ប្រទេសដៃគូទាំងអស់គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីបំណងប្រាថ្នារួមក្នុងការធ្វើឲ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកនៅសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ សម្រាប់ប្រជាជនប្រទេសទាំងពីរ»៕