អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ៩ប្រទេស បានធ្វើដំណើរឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលទីតាំងជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមានអន្តេវាសិកដ្ឋានស្ថិតនៅក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក។
នាឱកាសនោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញដោយមានវត្តមានមកពីប្រទេសចំនួន ៩ ប្រទេស និងចំនួន ១៤រូប ដែលក្នុងចំណោម ៩ប្រទេស រួមមាន៖ អូស្រ្តាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម ដែលបេសកម្មនេះ មានការសម្របសម្រួលពីឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស និងជានាយកនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងការពារជាតិ រួមទាំងនាយកទាហានក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀតដើម្បីធានាថា បេសកម្មនេះនិងប្រព្រឹត្តទៅដោយរលូន។
គួរបញ្ជាក់ផងដែរថា បេសកម្មនេះបានកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី ២៨ ខែកក្តដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញកិច្ចការព្រំដែនទូរទៅកម្ពុជា-ថៃ (GBC) បានឯកភាពអនុវត្តពេញលេញនូវបទឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទីឆ្នាំដដែល នៅប្រទេសម៉ាឡេស៊ី។ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបំពេញការងារប្រកបដោយស្មារតីស្ថាបនាដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និតជាមួយភាគីថៃ ប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិធម្មនុញ្ញអង្កការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕