អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការលើកឡើងថាកម្ពុជាបង្ហោះដ្រូនចូលទឹកដីថៃ គឺជារឿងមិនពិត បំភ្លៃ និងមានចេតនាបង្កឲ្យមានការកើនកម្ដៅដែលមិនចាំបាច់

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលបំភ្លៃថាកម្ពុជាបានបង្ហោះដ្រូនចូលក្នុងទឹកដីថៃ ដោយហៅថាជាការផ្សព្វផ្សាយខ្លឹមសារបំភ្លៃ មិនពិត និងមានចរិតលាបពណ៌ ដែលជាការរុញឲ្យកើនឡើងកម្ដៅដែលមិនចាំបាច់។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «កម្ពុជាសូមច្រានចោលចំពោះការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មានថៃមួយចំនួន ដោយបានយករូបភាព វីដេអូក្លែងក្លាយ មកធ្វើ អត្ថាធិប្បាយ និងបកស្រាយ ជាខ្លឹមសារបំភ្លៃ មិនពិត លាបពណ៌ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ។ ទង្វើទាំងអស់នេះមិនត្រឹមតែមិនបានចូលរួមដល់ការរក្សាស្ថានភាពឲ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឲ្យមានការកើនឡើងនូវកម្ដៅដែលមិនចាំបាច់។ កម្ពុជាទទូចឲ្យពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងអស់នោះ»។
ជាកាឆ្លើយតបត្រឡប់ទៅវិញ លោកជំទាវ ម៉ាលី សុជាតា ក៏បានអំពាវនាវឲ្យភាគីថៃចៀសវាងបង្ហោះដ្រូនរបស់ខ្លួនចូលក្នុងដែនអាកាសកម្ពុជាតទៅទៀត ដោយបានសង្កត់ធ្ងន់ថា «ជាមួយគ្នានេះ កម្ពុជាក៏អំពាវនាវឲ្យភាគីថៃចៀសវាងការបង្ហោះដ្រូនរបស់ខ្លួនចូលក្នុងដែនអាកាសរបស់កម្ពុជាទៀត។ ហើយយើងក៏នឹងមានវិធានការឆ្លើយតបសមស្របចំពោះសកម្មភាពរំលោភបំពានទាំងអស់នោះផងដែរ»៕