អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្មារតីសន្តិភាពនិយមរបស់កម្ពុជាបានកំពុងទទួលការគាំទ្រកាន់តែខ្លាំងឡើងពីបណ្តាមេដឹកនាំក្នុងពិភពលោក

ថ្លែងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា នៅក្នុងដំណាក់កាលនៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ គឺកម្ពុជាបានគោរពកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួនប្រកបដោយស្មារតីអត់ធ្មត់ខ្ពស់ តាមរយៈដំណើរបំពេញបេសកកម្មចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមេដឹកនាំនៃបណ្ដាប្រទេសនានា ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានអញ្ជើញដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះផងដែរ។
ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថា នាឱកាសនោះ ជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានសម្ដែងការគាំទ្របទឈប់បាញ់ ហើយចង់ឃើញសុខសន្តិភាពកើតឡើងរវាងប្រទេសទាំងពីរ និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពនៃប្រទេសទាំងពីរ ហើយបានជំរុញឱ្យស្ថានភាពវិលត្រឡប់ទៅភាពប្រក្រតីឡើងវិញក្នុងពេលឆាប់ឆាប់ខាងមុខនេះ។ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានទទួលយកសំណើរបស់កម្ពុជា ក្នុងការជំរុញឲ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ហើយជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ ទន្ទឹមនោះ ឯកឧត្តម António Guterres ក៏សូមឲ្យមានការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់គឺគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ(GBC) ដោយផ្អែកលើមូលដ្ឋាននៃប្រទេសទាំងពីរដែលមានជាធរមានរួមទាំងសន្ធិសញ្ញាពាក់ព័ន្ធនិងផ្អែកលើច្បាប់អន្តរជាតិ។
ឯកឧត្តមប៉ែន បូណា បានថ្លែងបន្ត ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានបញ្ជាក់អំពីគោលជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់ និងគាំទ្រយន្តការអង្កេតការបទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឃើញការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ឲ្យបានឆាប់រហ័សផងដែរ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះចិនសម្រាប់ការបំពេញតួនាទីគន្លឹះក្នុងការចូលរួមយ៉ាងសកម្មក្នុងដំណើរការសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃដែលនាំឱ្យមានការវិវឌ្ឍដោយសន្តិវិធី។ នៅក្នុងជំនួបដោយឡែកមួយទៀត ឯកឧត្តម ថោងលូន ស៊ីស៊ូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏បានគាំទ្របទឈប់បាញ់នេះហើយជំរុញឲ្យភាគីទាំងពីរមានភាពអត់ធ្មត់ខ្ពស់ដើម្បីអនុវត្តបទឈប់បាញ់នេះឲ្យបានពេញលេញ។
នាឱកាសនោះផងដែរ ឯកឧត្តម ប៉ែន បូណា ក៏បានថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃសម្រេចបានកាលពីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុងភូត្រាចាយ៉ា ដែលមានម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហរដ្ឋអាមេរិក ព្រមទាំងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ ក៏ដូចជាគោរពសណ្តាប់ធ្នាប់ពិភពលោក គឺកម្ពុជាបានគោរពកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួនដោយផ្ដោតយ៉ាងខ្លាំងលើការងារកាទូត និងកិច្ចពិភាក្សាគ្នាដោយសន្តិវិធីជាមួយភាគីថៃក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីស្វះស្វែងរកដំណោះស្រាយបញ្ហាព្រំដែន។ គោលជំហរដ៏ជាក់លាក់របស់កម្ពុជា គឺការពារអធិបតេយ្យជាតិ បូរណភាពទឹកដីដោយរក្សាបានសុខសន្តិភាព នេះជាស្មារតីនយោបាយឈ្នះឈ្នះដែលជាស្នូលបន្ទាត់នយោបាយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ស្មារតីប្រកបដោយសន្តិភាពនិយមនេះ បានកំពុងទទួលការគាំទ្រកាន់តែខ្លាំងឡើងពីបណ្តាមេដឹកនាំក្នុងពិភពលោក៕