Khmer First Close

ឯកឧត្តម ទិត សុធា ចុះកិច្ចព្រមព្រៀងទទួលជំនួយអគារសិក្សាថ្មី១ខ្នងចំនួន៦បន្ទប់ ដែលនឹងសាងសង់ដោយអង្គការសប្បុរសធម៌ ខ្វនថឹម

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ 187
ឯកឧត្តម ទិត សុធា ចុះកិច្ចព្រមព្រៀងទទួលជំនួយអគារសិក្សាថ្មី១ខ្នងចំនួន៦បន្ទប់ ដែលនឹងសាងសង់ដោយអង្គការសប្បុរសធម៌ ខ្វនថឹម ឯកឧត្តម ទិត សុធា ចុះកិច្ចព្រមព្រៀងទទួលជំនួយអគារសិក្សាថ្មី១ខ្នងចំនួន៦បន្ទប់ ដែលនឹងសាងសង់ដោយអង្គការសប្បុរសធម៌ ខ្វនថឹម

នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ នៅរដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចុះកិច្ចព្រមព្រៀង ជាមួយលោក អ៊ុង គង្គា ស្ថាបនិកអង្គការសប្បុរសធម៌ខ្វនថឹម ក្នុងការរុះរើ និងសាងសង់អគារសិក្សាថ្មី១ខ្នង មានចំនួន៦បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាសំបួរ ក្នុងភូមិសំបួរ ឃុំព្រៃ គុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីនេះ មានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំជាអនុប្រធាននិងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុក ក្រុមការងាររដ្ឋបាលស្រុក ប្រធានការិយាល័យអប់រំ លោកមេឃុំ ប្រធានភូមិ លោកគ្រូអ្នកគ្រូ នាយកសាលា និងបុគ្គលិកសិក្សា ដោយបានពិភាក្សាគ្នា ក្រោមកិច្ចសហការយ៉ាងល្អ ដើម្បីធានាដំណើរការរុះរើ និងសាងសង់សាលាថ្មី ឱ្យប្រព្រឹត្តទៅដោយរលូន។

អគារសិក្សាថ្មីដែលនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅអំឡុងខែធ្នូខាងមុខ គឺស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាសំបួរ នៅលើទីតាំងអគារសិក្សាចាស់ ដែលបានសាងសង់អស់រយៈពេល៣០ឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្នសាលាបឋមសិក្សាសំបួរមានភាពចាស់ ទ្រុឌទ្រោម ដែលប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

ក្រោមការសម្របសម្រួលនិងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដែលមើលឃើញនូវការលំបាករបស់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រ ក្នុងសាលាដែលចាស់ទ្រុឌទ្រោមខ្លាំង និងការបារម្ភពីគ្រោះថ្នាក់នៃការធ្លាក់ក្បឿង ឬក្នុងករណីមានខ្យល់បោកបក់ខ្លាំងនឹងអាចដួលរលំអគារ បង្កជាគ្រោះថ្នាក់ និងឧបសគ្គដល់ការរៀនសូត្រផងនោះ ក្រុមការងារក៏បានស្វះស្វែងរកប្រភពថវិកា ជំនួយមូលនិធិដើម្បីសាងសង់អគារសិក្សាថ្មី ជំនួស។

កាលពីអំឡុងដើមឆ្នាំ២០២៥កន្លងទៅនេះ បន្ទាប់ពីបានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងសាលា តាមសំណើរបស់រដ្ឋបាលស្រុកកំពង់ស្វាយ ការិយាល័យអប់រំ លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា និងទទួលសំនូមពរពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានឃើញពីស្ថានភាពប្រឈមនឹងការលំបាកជាក់ស្តែង អង្គការសប្បុរសធម៌ ខ្វនថឹម ដែលដឹកនាំដោយ លោក អ៊ុង គង្គា និងសមាជិកអង្គការប្រមាណ២០០នាក់ បានរួមសហការគ្នាបរិចាគថវិកាផ្ទាល់ខ្លួន និងអ្នកខ្លះជួយជាស៊ីម៉ង់តិ៍ ដែក ក្បឿង គ្រឿងសង្ហារឹមផ្សេងៗ រួមទាំងអ្នកបច្ចេកទេសផង ទាំងអស់គ្នាបានទទួលយល់ព្រមថានឹងសាងសង់អគារសិក្សាថ្មី១ខ្នង មានចំនួន៦បន្ទប់ លើទីតាំងអគារចាស់ ហើយនឹងប្រគល់ជូនក្រុមការងាររាជរដ្ឋាភិបាលនៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ បន្ទាប់ពីការសាងសង់រួចរាល់ជាស្ថាពរ។

ក្នុងពិធីសំណេះសំណាល និងចុះកិច្ចព្រមព្រៀង រុះរើនិងសាងសង់អគារសិក្សាថ្មី នេះ អង្គការសប្បុរសធម៌ ខ្វនថឹម បានឱ្យដឹងថា អគារសិក្សាថ្មីនឹងត្រូវសាងសង់ស្របតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជននិងកីឡា ដោយធានាគុណភាពសំណង់រឹងមាំជាប់បានយូរអង្វែង។

ឯកឧត្តម ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ក្នុងនាមឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានិកនិងក្រុមការងារអង្គការខ្វនថឹម ដែលបានជួយសាងសង់អគារសិក្សាថ្មី ដែលជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងបម្រើឧត្តមប្រយោជន៍រួមរបស់ប្រទេសជាតិ ជាពិសេសការពង្រឹងនូវវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ។

តាមរយៈសមិទ្ធផលនៃសាលាបឋមសិក្សាថ្មី ដែលនឹងកើតឡើងនៅពេលខាងមុខនេះ នឹងផ្តល់នូវស្នាមញញឹម និងភាពសប្បាយរីករាយជាខ្លាំងដល់មូលដ្ឋានក្នុងស្រុកកំពង់ស្វាយ ជាពិសេសលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ដែលនឹងបញ្ចៀសបាននូវការព្រួយបារម្ភពីសុវត្ថិភាពពេលកំពុងសិក្សារៀនសូត្រផងដែរ៕

អត្ថបទទាក់ទង