ប្រធានគណបក្សនយោបាយថៃចំនួន២ រិះគន់ថាការប្រើប្រាស់សំឡេងរំខានចំពោះប្រជាជនកម្ពុជា គឺជាការរំលោភសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មានការលើកឡើងរបស់ លោក Kannavee Suebsaeng ប្រធានគណបក្សយុត្តិធម៌ និងលោក Natthapong Ruangpanywauth ប្រធានគណបក្សប្រជាជន លើករណីការប្រើប្រាស់សំឡេងរំខានដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដកស្រង់ខ្លឹមសារដូចខាងក្រោម៖
លោក Kannavee Suebsaeng បានលើកឡើងថា «ការប្រើប្រាស់ធុងបាស់ក្នុងការបន្លឺសំឡេងខ្មោចគឺជាការ រំលោភសិទ្ធិមនុស្សនិងជាការជាន់ឈ្លីកិត្តិយសមនុស្ស។ ពួកយើងគួរត្រឡប់មកគោរពតាមកិច្ចព្រមព្រៀងបទ ឈប់បាញ់ និងប្រើប្រាស់វេទិកាអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើគ្មានរឿងនេះកើតឡើង គឺជាការល្អ។ អ្នកលេងបណ្តាញសង្គមនិងយោធាព្រមទាំងរាជរដ្ឋាភិបាលមិនត្រូវគាំទ្រសកម្មភាពរបៀបនេះឡើយ»។
លោក Natthapong Ruangpanywauth បានព្រមានថា «សកម្មភាពប្រើប្រាស់ធុងបាស់ចាក់សំឡេងខ្មោច និងយន្តហោះចម្បាំង ទោះបីជាក្នុងគោលបំណងអ្វីក៏ដោយ គឺប៉ះពាល់ផ្លូវចិត្តរបស់ប្រជាជនកម្ពុជា រំលោភច្បាប់ អន្តរជាតិ និងធ្វើឱ្យខូចមុខមាត់ប្រទេសថៃលើឆាកអន្តរជាតិ»៕