កត្តាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយថាមវន្ត បានជំរុញឱ្យអ្នកវិនិយោគឆែក ចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា

នេះជាការលើកឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ រវាងកម្ពុជា និងឆែក ដែលកម្ពុជាដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ហើយឆែកដឹកនាំដោយលោក Jiří Kozák អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋឆែក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងកិច្ចពិគ្រោះយោបល់ ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្តីពេញចិត្តចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដែលកំពុងលូតលាស់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយដែលជាផលប្រយោជន៍រួម ឱ្យកាន់តែប្រសើរថែមទៀត។
លោកបណ្ឌិត ចែម វីឌ្យ៉ា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនឆែក ចំពោះជំនួយសប្បុរសធម៌ជាច្រើនឆ្នាំកន្លងមក ចាប់តាំងពីការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានរួមចំណែកយ៉ាងសំខាន់ទៅដល់សុខុមាលភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានសង្ខេបជូនសមភាគីឆែកអំពីស្ថានភាពនយោបាយ និងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជាផងដែរ។
លោក Jiří Kozák បានស្ងើចសរសើរការកើនឡើងយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។ លោកក៏បានបញ្ជាក់ផងដែរថា កត្តាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយថាមវន្តរបស់កម្ពុជា បានជំរុញឱ្យអ្នកវិនិយោគឆែកចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។
ក្នុងអំឡុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិនិត្យឡើងវិញនូវគម្រោងកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីមធ្យោបាយនានា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទៅជាភាពជាដៃគូដ៏រឹងមាំ និងបានគូសបញ្ជាក់ពីវិស័យអាទិភាពចំបង រួមមានវិស័យសុខាភិបាល និងអប់រំ។
ប្រធានបទនៃកិច្ចពិភាក្សាដទៃទៀតរួមមាន វិស័យពាណិជ្ជកម្ម និងវិនិយោគ វប្បធម៌ ទេសចរណ៍ ការដឹកជញ្ជូនផ្លូវអាកាស ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។ ភាគីទាំងពីរក៏បានឯកភាពលើកទឹកចិត្តតួអង្គពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីបង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចជាទៀតទាត់នៅក្នុងប្រទេសទាំងពីរ ដើម្បីទទួលបានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។
ភាគីទាំងពីរបានចែករំលែកទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោក ដែលជាផលប្រយោជន៍ និងកង្វល់រួមមួយចំនួន ដែលក្នុងឱកាសនោះ។ លោកបណ្ឌិតរដ្ឋលេខាធិការ កោតសរសើរការចូលរួមយ៉ាងសកម្មរបស់ឆែកក្នុងពេលធ្វើជាប្រធានគណៈកម្មការសហភាពអឺរ៉ុបនៅពាក់កណ្ដាលឆ្នាំ២០២២ នៅក្នុងគោលគំនិតឥណ្ឌ-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប និងក្នុងការរួមចំណែកដ៏សំខាន់របស់សាធារណរដ្ឋឆែក ដែលបានរៀបចំកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥ ភាពជាដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែលប្រកបដោយជោគជ័យ កាលពីខែធ្នូ ឆ្នាំ២០២២។
ជាទីបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបន្តកិច្ចសន្ទនាតាមរយៈកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាយន្តការមានប្រសិទ្ធភាពសម្រាប់តាមដានសកម្មភាពដែលបានឯកភាពកន្លងមក ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យកាន់តែស៊ីជម្រៅ៕