សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទខួបលើកទី៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង៧ម៉ឺននាក់ បានជួបជុំនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន៤ បានបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ។
ថ្លែងនៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសចេញនូវសេចក្តីការណ៍ពិសេស ដែលមានចំនួន៧ទំព័រ ទាក់ទងទៅនឹងគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើនបន្តទៀតនាពេលខាងមុខ។
បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជារួច ក្បួនឃោសនាបោះឆ្នោតក៏ត្រូវបានចាប់ផ្ដើមដង្ហែជាបន្តបន្ទាប់តាមផ្លូវគោលដៅដែលបានកំណត់ក្នុងទីក្រុងភ្នំពេញប្រកបដោយបរិយាកាសរីករាយបំផុត៕