Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ ក្រសួងតាំងចិត្តសហការ ជាមួយបណ្តាក្រសួង-ស្ថាប័ន ផ្នែកពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមនានា លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា 1420
ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ ក្រសួងតាំងចិត្តសហការ ជាមួយបណ្តាក្រសួង-ស្ថាប័ន ផ្នែកពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមនានា លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ ក្រសួងតាំងចិត្តសហការ ជាមួយបណ្តាក្រសួង-ស្ថាប័ន ផ្នែកពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមនានា លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៦ ខែមី​នា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ថ្វីត្បិតតែវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ជាវិស័យថ្មី និងជាបេសកកម្មដំបូងមួយ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏ដោយ ក្រសួងតាំងចិត្តសហការ ជាមួយបណ្តាក្រសួង-ស្ថាប័ន ផ្នែកពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមនានា លើវិស័យនេះ។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ធ្វើឡើងក្នុងវេទិកាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី១ ក្រោមប្រធានបទ «កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា» ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ វេទិកានេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្វីត្បិតតែវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ជាវិស័យថ្មី និងជាបេសកកម្មដំបូងមួយ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏ដោយ ក៏ការតាំងចិត្តរបស់ខ្លួន មានកម្រិតខ្ពស់មានធ្លុងសាមគ្គីឯកភាពរឹងមាំ មានការគាំទ្រពីរាជរដ្ឋាភិបាល និងបណ្តាក្រសួង ស្ថាប័ន ផ្នែកពាក់ព័ន្ធ ក៏ដូចជាក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានពួតដៃគ្នា សហការគ្នាល្អ ខិតខំពុះពារដោះស្រាយបញ្ហាប្រឈមនានា»។

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បន្ដថា យើងរួមគ្នាជំរុញកិច្ចអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យមានសន្ទុះទៅមុខ ដោយមានការចង្អុលបង្ហាញ និងណែនាំតម្រង់ទិសជាប់ជាប្រចាំពី សម្តេចតេជោនាយករដ្ឋមន្តី្រ ជាប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សមិទ្ធផលសំខាន់ៗមួយចំនួន ត្រូវបានបដិសន្ធិឡើង និងកំពុងបានផ្តល់ផ្លែផ្កាជាវិជ្ជមាន សម្រាប់ការរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមគ្នានេះ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងថា ឯកសារសំខាន់ៗ មួយចំនួនត្រូវបានដាក់ចេញ ដូចជា៖ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា​ ២០៣០ របៀបវារៈស្រាវជ្រាវជាតិ ២០២៥ របាយការណ៍ ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវ ស្តីពីការស្រាវជ្រាវ និងនវានុវត្តន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា របាយការណ៍ស្តីពីការវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ក្រមសីលធម៌ស្រាវជ្រាវ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម និងក្របខណ្ឌវាយតម្លៃការអនុវត្ត ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០។

ក្រៅពីនោះ ក្រសួងកំពុងបានរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការផ្ទេរបច្ចេកវិទ្យា និងសេចក្តីព្រាងអនុក្រឹត្យមួយចំនួនដូចជា៖ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត និងការគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍។ នេះជាការគូសបញ្ជាក់បន្ថែម របស់ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ។

លោកបានឲ្យដឹងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តខិតខំប្រឹងប្រែងរៀបចំ និងដឹកនាំការងារ ដើម្បីបង្កើន និងលើកកម្ពស់ ប្រព័ន្ធនវានុវត្តន៍ជាតិ តាមរយៈការបង្កើនសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា ដោយផ្សារភ្ជាប់ជាមួយការស្រាវជ្រាវ សំដៅជំរុញនវានុវត្តរបស់សហគ្រាសទាំងឡាយរបស់កម្ពុជា មានជាអាទិ៍៖ រោងចក្រ សហគ្រាស សហគ្រាសធុនតូច និងមធ្យម ជាពិសេសធុរកិច្ចថ្មីៗ ឲ្យមានលក្ខណៈប្រកួតប្រជែងខ្ពស់មិនថាក្នុងកម្រិតតំបន់ និងកម្រិតសកលលោក ហើយការជំរុញដល់ការបង្កើត នូវឱកាសការងារ និងបង្កើននូវតម្លៃបន្ថែមខ្ពស់ ក៏ជាកម្មវត្ថុនៃការយកចិត្តទុកដាក់បំផុត។

ជាការពិត វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពុំមែនជាភារកិច្ចរបស់ក្រសួងណាមួយ ដាច់ដោយឡែកនោះទេ ត្រូវតែមានចរិតជាអន្តរវិស័យ ប្រទាក់ក្រឡាគ្នា ដែលប្រការនេះ ទាមទារឲ្យមានការចូលរួម
សហការគ្នាជិតស្និទ្ធ ប្រកបដោយសុឆន្ទៈពិតប្រាកដ ក្នុងក្របខណ្ឌអន្តរក្រសួង ស្ថាប័ន រួមទាំងវិស័យឯកជនផងដែរ ហើយត្រូវគិតគូរលើផលប្រយោជន៍រួមរបស់ប្រទេសជាតិជាធំ មិនប្រកាន់ជំហរក្រសួងនិយម ឬធ្វើការដាច់ដោយឡែកពីគ្នានោះឡើយ។

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថា «ខ្ញុំយល់ថា ដំណាក់កាលនេះ កិច្ចសហការគ្នាល្អគឺជាការចាំបាច់ ដើម្បីបានសុខដុមរមនាជាតិមួយ ដែលអាចរុញច្រានវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យមានសន្ទុះទៅមុខលើសពីពេលមុនៗ»។

លោកថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីជួយសម្របសម្រួល តម្រង់ទិស និងឆ្លើយតបទៅនឹងទិសដៅ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថល ការវិវត្តន៍ប្រែប្រួលនៃឧស្សាហកម្មជំនាន់ទី៤ និងយកចិត្តទុកដាក់លើការបណ្តុះចំណេះដឹង ការកសាងនូវមូលធនមនុស្ស ដែលមានកម្រិតជំនាញ មានភាពឆ្លាតវៃបែបវិទ្យាសាស្ត្រ ដល់អ្នកបន្តវេនជំនាន់ក្រោយ ដើម្បីភាពរីកចម្រើន និងអនាគតដ៏ល្អរបស់យើងទាំងអស់គ្នា ដូចដែលប្រធានបទនៃ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា «កសាងមូលដ្ឋានគ្រឹះ ដើម្បីទាំងអស់គ្នា»៕

អត្ថបទទាក់ទង