Khmer First Close

ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់មន្ត្រីពាក់ព័ន្ធ ជួយទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 168
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់មន្ត្រីពាក់ព័ន្ធ ជួយទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់មន្ត្រីពាក់ព័ន្ធ ជួយទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធជួយទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ព្រមទាំងជួយសម្របសម្រួល ថែទាំ និងធ្វើការជាមួយអ្នកវិនិយោគក្នុងការពង្រីកគម្រោងវិនិយោគដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ស្ថិតក្នុងខេត្តស្វាយរៀង និងក្រុមហ៊ុនចំនួន៦ដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៣នេះ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ថា៖ «ខ្ញុំបានណែនាំ អំពាវនាវ សំណូមពរថា យើងមន្ត្រីរាជការមានតួនាទី ទី១ ចូលរួមទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ទី២សម្របសំរួល។ ពេលមកហើយ សម្របសំរួលគេឱ្យបានស្រួល។ ទី៣ មកហើយ ថែទាំឱ្យបានគង់វង្ស។ ទី៤ ធ្វើការជាមួយគ្នា ពង្រីកអ្វីៗដែលមាន»។

ឯកឧត្តមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ រួមមានស្ថាប័នគយ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរដែនដីផងដែរបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ទាំងនេះគឺជាតួនាទីទាំងអស់គ្នា មិនមែនតួនាទីត្រឹមតែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធាននោះទេ។

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «ទាំងអស់គ្នាមានតួនាទីទាំង៤នេះ! ជួយទាក់ទាញ ជួយសម្របសម្រួល ជួយថែទាំ ជួយពង្រីកទើបយើងអាចរកការងារជូនប្រជាពលរដ្ឋយើងធ្វើបាន កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើង»។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរបានចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣រួមមាន តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត (Xin Bavet), តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស (Giga Resource) និងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ (Qilu Jian Pu Zhai)។

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសទាំង៣នេះមានទុនវិនិយោគសរុបចំនួន៩៧៧លានដុល្លារដែលមានគម្រោងវិនិយោគសរុបចំនួន ៦៥គម្រោង ដែលក្នុងនោះកំពុងដំណើរការមានចំនួន ៤៤គម្រោង និងបានបង្កើតការងារជូនកម្មករនិយោជិតចំនួនជាង២ម៉ឺន៣ពាន់កន្លែង។

មុខសញ្ញាវិនិយោគសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចទាំង៣នេះរួមមាន ផលិតគ្រឿងសង្ហារិម កែច្នៃនិងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ដែលបានសម្រេចចិត្តចូលមកបណ្តាក់ទុន និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា។ នេះជាការបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានខិតខំយកចិត្តទុកដាក់ក្នុងការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលលើកិច្ចការងារវិនិយោគ និងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា។

ទំព័រហ្វេសប៊ុកផ្លូវការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវទៅកាន់បណ្ដាក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅពន្យល់ និងផ្សព្វផ្សាយដោយផ្ទាល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជានៅក្រៅប្រទេស ដើម្បីទាក់ទាញឱ្យមានវិនិយោគិនបន្ថែមទៀតមកកម្ពុជា»។

ក្រុមហ៊ុនទាំង៦ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចុះពិនិត្យរួមមាន៖

  1. ក្រុមហ៊ុន Shane (Cambodia) Furniture វិនិយោគកម្មន្ដសាលគ្រឿងសង្ហារិម ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគចំនួន ៤៧លានដុល្លារ មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប និងបានបង្កើតការងារចំនួន ១ ០៨៧កន្លែង។
  2. ក្រុមហ៊ុន Califor Upholstery Materials វិនិយោគកែច្នៃ និងជ្រលក់ពណ៌ស្បែក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងទុនវិនិយោគ ១លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់ប្រទេសចិន វៀតណាម និងក្នុងស្រុក និងបានបង្កើតការងារចំនួន ២៨៥កន្លែង។
  3. ក្រុមហ៊ុន XDS Bicycle (Cambodia) វិនិយោគដំឡើងកង់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគ ១៩លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងបានបង្កើតការងារចំនួន ១ ៦៣៥កន្លែង។
  4. ក្រុមហ៊ុន Cart Tire វិនិយោគកម្មន្ដសាលសំបកកង់យានយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគ ៥៧៤លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង និងបានបង្កើតការងារចំនួនប្រមាណ ២ ៦០០កន្លែង។
  5.  ក្រុមហ៊ុន Kaining Metal Product (Cambodia) វិនិយោគកម្មន្ដសាល សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងកាណាដា និងបានបង្កើតការងារចំនួន ១ ២២០កន្លែង។
  6.  ក្រុមហ៊ុន So Yang Decorative Lighting (Cambodia) វិនិយោគកម្មន្ដសាលអំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស ក្នុង ទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក មានទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក និងកាណាដា និងបានបង្កើតការងារចំនួន ៣ ០២៤កន្លែង។

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩តំបន់ និងបានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១ ៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួនជាង៧ម៉ឺន៥ពាន់កន្លែង។

របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជារោងចក្រ សហគ្រាសត្រូវបានពង្រាយនិងពង្រីកជាបន្តបន្ទាប់ទៅបណ្ដាខេត្តផ្សេងៗ ដែលក្នុងនោះចំនួនសរុបបានកើនឡើងពី៦៤រោងចក្រក្នុងឆ្នាំ១៩៩៧ ដែលមានកម្មករនិយោជិត៨ម៉ឺននាក់ មកដល់ចំនួន១៧ ៦៨៤រោងចក្រ សហគ្រាស គិតត្រឹមខែតុលា ឆ្នាំ២០២៣ ដែលមានកម្មករនិយោជិតសរុបប្រមាណ១,៥លាននាក់។

របាយការណ៍ដដែលបានបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ខេត្តស្វាយរៀងមានរោងចក្រ សហគ្រាស ចំនួន ២៦៤មានកម្មករនិយោជិតប្រមាណជិត៩ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ២៨៤លានដុល្លារអាមេរិកក្នុង១ឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន៤១ មានកម្មករនិយោជិត សរុបជិត ៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១២៤លានដុល្លារអាមេរិកក្នុង១ឆ្នាំ។ ខេត្តស្វាយរៀងជាខេត្តទី៦ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសវិស័យកាត់ដេរច្រើន៕