Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសិក្សាដោយអ្នកជំនាញជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីនិងពីលើអាកាស

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1159
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសិក្សាដោយអ្នកជំនាញជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីនិងពីលើអាកាស គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសិក្សាដោយអ្នកជំនាញជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីនិងពីលើអាកាស

គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។

បើតាមការអះអាងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  បានឱ្យថា ក្រោយគម្រោងដែលអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន ធ្វើចរាចរបាននេះ នឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដ៏ល្បីល្បាញរបស់អាម៉េរិក CNBC ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដែលមានការសិក្សារួមគ្នារវាងក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២នាក់ ហើយការសិក្សាត្រូវបានធ្វើឡើងទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។

គម្រោងនេះ ដែលមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ មិនមែនអភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់ដែលត្រូវបានប្រើប្រាស់តាំងពី២ពាន់ឆ្នាំមកម្ល៉េះ។ ដូច្នេះការអភិវឌ្ឍន៍គម្រោងនេះ គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែលអាចធ្វើឱ្យនាវាចំណុះ៣ពាន់តោនអាចធ្វើចរាចរបានតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងផងដែរថា ការអភិវឌ្ឍគម្រោងនេះ មិនមានបច្ច័យប៉ះពាល់ដល់បរិស្ថាននៅកម្ពុជា ឬបរិស្ថានឆ្លងកាត់ព្រំដែនវៀតណាម ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់ដល់លំហូរទឹករបស់ទន្លេមេគង្គនោះដែរ ដ្បិតថា ការសាងសង់ព្រែកជីកនេះ កម្ពុជា នឹងប្រើបច្ចេកទេស និងបច្ចេកវិទ្យាទំនើបមិនឱ្យទឹកសាបហូរចូលទឹកប្រៃ ឬទឹកប្រៃហូរចូលទឹកសាបនោះទេ៕