អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិដ៏ក្តៅគគុក មកជា តំបន់អភិវឌ្ឍមួយជាមួយអាកាសយានដ្ឋានអន្តរជាតិទំនើបនិងធំជាងគេនៅកម្ពុជា
ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ តម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបានចប់សព្វគ្រប់ ។ ថ្ងៃនេះ គឺជាការពិនិត្យបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្ករ មុនការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានរំលឹកថា គម្រោងធំៗចំនួនពីរ បានចាប់ផ្តើមចរចា ក្នុងពេលដំណាលគ្នា គឺគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ និង គម្រោង សាងសងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ២០០៨ គម្រោងទាំងពីរនេះ មិនអាចធ្វើដំណាលគ្នាបាន។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជានិងចិន បានពិភាក្សានិងសម្រេចជ្រើសរើសយកក្រុមហ៊ុនពីខេត្តយូណាន ដើម្បីអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ និងបានប្រគល់ការងារសាងសង់អោយគណៈកម្មការតម្រង់ទិស ដែលមានឯកឧត្តមជាប្រធាន និងការងារចរចាសំណងបិទអាកាសយានដ្ឋានសៀមរាបចាស់ ទៅគណៈកម្មការចរចាសំណង ដែលមាន ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធាន។
ឯកឧត្តមបានបន្តថា ទោះបីជាជួបវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ និងផលវិបាកជាច្រើនក្នុងដំណើរការសាងសង់ក៏ដោយ ក្រុមការងារទាំងអស់បានពុះពារ ដោះស្រាយជាមួយគ្នា រហូតទទួលបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមានលទ្ធផលដូចថ្ងៃនេះ ហើយទៅអនាគត យើងមិនត្រឹមតែ មាន អាកាសយានដ្ឋានខ្នាតអន្តរជាតិនោះទេ យើងនឹងមានទីក្រុងរណបទំនើបនៅតំបន់ជុំវិញអាកាសយានដ្ឋាន ដែលនឹងក្លាយទៅជាតំបន់ទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ ទាំងក្នុងតំបន់ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលនេះ គឺជាមោទកភាពដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។
ជាមួយគ្នានេះ លោក Lu Wie ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិអនុវត្តគម្រោង ក៏បានថ្លែងអំណរគុណដល់គណៈកម្មការតម្រង់ទិស និងក្រុមការងារទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការគ្នាបានយ៉ាងល្អ ដែលជំរុញឱ្យគម្រោងនេះសម្រេចជោគជ័យ និងស្នើសុំបន្តការគាំទ្រលើគម្រោងអភិវឌ្ឍន៍ផ្សេងទៀតនាពេលខាងមុខ។
ឯកឧត្តមបានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេច វិបុលបញ្ញា សុខ អាន សមាជិក សមាជិកានៃគណៈកម្មការតម្រង់ទិស និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងរហូតធ្វើអោយគម្រោងសាងសង់នេះទទួលបានជោគជ័យ។ ជាចុង ក្រោយ ឯកឧត្តមប្រធាន បានប្រកាសអំពីភាពជោគជ័យនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ដូចបានឃើញជាក់ស្តែងក្នុងថ្ងៃនេះ និងការបំពេញចប់សព្វគ្រប់នៃភារកិច្ចរបស់គណៈកម្មការតម្រង់ទិស និងគណៈកម្មការចរចាសំណង ហើយការងារអនុវត្តបន្ត គឺស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនប្រតិបត្តិការអាកាសយានដ្ឋាន៕