Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការគិតគូរទៅអនាគត ចាំបាច់ត្រូវពិនិត្យមើលអតីតកាល ដើម្បីឱ្យមានមូលដ្ឋានគ្រប់គ្រាន់

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 209
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការគិតគូរទៅអនាគត ចាំបាច់ត្រូវពិនិត្យមើលអតីតកាល ដើម្បីឱ្យមានមូលដ្ឋានគ្រប់គ្រាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការគិតគូរទៅអនាគត ចាំបាច់ត្រូវពិនិត្យមើលអតីតកាល ដើម្បីឱ្យមានមូលដ្ឋានគ្រប់គ្រាន់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍ តាមរយៈការប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ក្នុងនោះ៖
– ទី១៖ ការបើកចំហការធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយឈរលើគោលការណ៍ពហុភាគីនិយម
– ទី២៖ ការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដើម្បី ជាមូលដ្ឋានកសាងជន្ទល់ថ្មីៗ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច
– ទី៣៖ ការពង្រឹងនិងការស្តារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាផ្លូវ ទឹក ថ្នល់ និងភ្លើង ដើម្បីលើកកម្ពស់ការតភ្ជាប់ សម្រួលការចល័តធនធាននិងកម្លាំងពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម
– ទី៤៖ ការបន្តអភិវឌ្ឍ និងលើកកម្ពស់មូលធនមនុស្សដើម្បី ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព
– ទី៥៖ ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ ដើម្បីធានាប្រសិទ្ធិភាពនៃការគ្រប់គ្រងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ច រួមទាំងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធធនាគារឱ្យមានប្រសិទ្ធិភាព និងសក្ដិសិទ្ធភាព ព្រមទាំងបែងចែកផ្លែផ្កា កំណើន អោយមានសមធម៌ និងបរិយាបន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាលទ្ធផលកម្ពុជាសម្រេចបានកំណើន សេដ្ឋកិច្ចរឹងមាំប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលជាង២ទស្សវត្សរ៍កន្លងមក ដែលនាំអោយកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ដោយទំហំផលិតផលក្នុងស្រុក (ផ.ស.ស)កើនឡើង ១០ដង ពីប្រមាណ ៣,១១ លានដុល្លារអាមេរិកនៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩,៦០លានដុល្លារអាមេរិកនៅឆ្នាំ ២០២២។ ជាមួយគ្នានេះ ផ.ស.ស សម្រាប់មនុស្សម្នាក់បានកើនឡើងរហូតដល់ ៧ ដង ពោលគឺកើនពីប្រមាណ ២៥៣ ដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៨ ដល់ប្រមាណ ១៧៨៤ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២។ អត្រាក្រីក្របានធ្លាក់ចុះក្រោម ១០% នៅមុនវិបត្តិជំងឺកូវីដ១៩ និងវិសមភាពសង្គមរួមតូច។ រចនាសម្ព័ន្ធសេដ្ឋកិច្ចបានផ្លាស់ប្ដូរពីសេដ្ឋកិច្ចដែលពឹងផ្អែកជាចម្បងលើកសិកម្មជាប្រពៃណី ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្ម និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាង ជាដើម។

សម្ដេចធិបតីបានថ្លែងដូចនេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីបើក «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣» ស្តីពី «ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន» ដែលររៀបចំឡើងដោយវិទ្យាស្ថាន CDRI ៕

អត្ថបទទាក់ទង