សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានកត្តាសំខាន់ៗចំនួន ៥ ដែលជួយឱ្យសិស្សានុសិស្សប្រឡងជាប់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានកត្តាសំខាន់ៗចំនួន ៥ ដែលជំរុញឱ្យសិស្សានុសិស្សប្រឡងជាប់។ កត្តាទាំង ៥ នោះមានដូចជា៖
- ទី១- គឺកត្តាសិស្សានុសិស្សខ្លួនឯងដែលជាអ្នកកំណត់ការខិតខំរៀនសូត្រ ហើយមានភាពហ្មត់ចត់ក្នុងការងារ ខិតខំយកចិត្តទុកដាក់ជម្នះនូវរាល់ឧបសគ្គ មិនថាជីវភាពគ្រួសារ ឬទីតាំងភូមិស្រុកនៅឆ្ងាយពីទីប្រជុំជននោះទេ ។
- ទី២- គឺកត្តាលោកគ្រូអ្នកគ្រូដែលជាអ្នកបណ្តុះបណ្តាលចម្បង ។
- ទី៣- គឺកត្តាមាតាបិតាអាណាព្យាបាល បើគ្មានការជំរុញ និងលើកទឹកចិត្ត ឬបង្កលក្ខណៈដល់កូនៗក្នុងការរៀនសូត្រ ហើយជំរុញអោយកូនរៀនព្រឹករៀនល្ងាចដើម្បីប្រឡងយកនិទ្ទេស A ។
- ទី៤- គឺកត្តាក្រសួងអប់រំយុវជន និងកីឡា អាជ្ញាធររាជធានីខេត្ត មន្ទីរអប់រំកីឡា អាជ្ញាធរពាក់ព័ន្ធទាំងអស់ គណៈគ្រប់គ្រងសាលា អាជ្ញាធរកម្លាំងមានសម្ថតកិច្ចពាក់ព័ន្ធនៅក្នុងការជួយជំរុញការអប់រំអោយបានល្អ ក៏ដូចជាការដឹកនាំក្នុងការប្រឡងកន្លងទៅ ឱ្យមានភាពសុក្រឹត និងយុត្តិធម៌ ដោយធានាថា «អ្នកចេះគឺជាប់» ហើយអ្នកជាប់ គឺជាប់ដោយមោទនភាព ឯអ្នកមិនជាប់ក៏អស់ចិត្ត ។
- ទី៥- គឺកត្តាមហាជន ព្រោះកិច្ចការងារនេះមិនអាចមាននិរន្តរភាព និងចីរភាពរយៈពេល ១៤ ឆ្នាំបានទេ បើគ្មានការគាំទ្រពីមហាជន ពោលគឺមានការលើកទឹកចិត្តចំពោះកំណែទម្រង់នេះ ទើបធ្វើឱ្យវាក្លាយជាចលនាមួយនៃការផ្លាស់ប្តូរផ្នត់គំនិតនៃការប្រឡង និងការជឿទុកចិត្តទៅលើប្រព័ន្ធនៃការប្រឡង ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន ១៦៩១ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ៕