អស្ចារ្យណាស់! កូនខ្មែរម្នាក់រំលេចគំនូរសិល្បៈវប្បធម៌ លើជញ្ជាំងនៅតាមដងផ្លូវប្រទេសអូស្ត្រាលីយ៉ាងស្រស់ស្អាត

វិចិត្រករខ្មែរម្នាក់ បានរំលេចគំនូរសិល្បៈវប្បធម៌ខ្មែរនៅលើជញ្ជាំង នៅតាមដងផ្លូវក្នុងទីក្រុង McBurney Rd Cabramatta ប្រទេសអូស្ត្រាលី។ នេះជាការបញ្ជ្រាប និងផ្សព្វផ្សាយវប្បធម៌សិល្បៈរបស់ខ្មែរ ឱ្យបានកាន់តែទូលំទូលាយទៅកាន់ពិភពលោក។ស្នាដៃគំនូរសិល្បៈខ្មែរដ៏អស្ចារ្យមួយនេះត្រូវបានគូរលើជញ្ជាំងអគារ PCYC នៅក្នុងទីក្រុង McBurney Rd Cabramatta ដោយវិចិត្រករខ្មែរ Hun Sopheak ដែលកំពុងស្នាក់នៅក្នុងប្រទេសអូស្ត្រាលី។ ចំពោះគម្រោងនៃការគូរគំនូរសិល្បៈវប្បធម៌ខ្មែរនេះ ជាការរួមចំណែកនៃការផ្សព្វផ្សាយសិល្បៈវប្បធម៌ប្រពៃណីខ្មែរ ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ គម្រោងមួយនេះមានការសហការផ្ដួចផ្ដើមពីសមាគម Cambodian Living Arts & Culture – CLAC , PCYC Fairfield Cabramatta និង Fairfield City Council ក៏ដូចជាបងប្អូនខ្មែរដែលស្នាក់នៅប្រទេសអូស្ត្រាលី ដែលបានចូលរួមរៃអង្គាសថវិកា សម្រាប់ការងារសិល្បៈវប្បធម៌ដើម្បីខ្មែរមួយនេះ។
គំនូរសិល្បៈវប្បធម៌ដែលបានគូរនៅលើជញ្ជាំងមានដូចជា ល្ខោនស្បែកធំ សុវណ្ណមច្ឆា អប្សរារាំខាងមុខប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងផ្ការំដួលដែលជាផ្កាតំណាងជាតិ។ គំនូរសិល្បៈទាំងនេះក៏ត្រូវបានត្រៀមសម្រាប់ការអបអរសាទរទិវាវប្បធម៌ដែលគ្រោង ប្រព្រឹត្តិនៅថ្ងៃទី ៣ ខែមីនា ខាងមុខនេះដែរ។គំនូរសិល្បៈវប្បធម៌ខ្មែរមួយនេះ ពិតជាអស្ចារ្យខ្លាំងណាស់ព្រោះអាចឱ្យខ្មែរបានឃើញអត្តសញ្ញាណរបស់ខ្មែរដែលប្រតិដ្ឋខ្លួននៅលើទឹកដីដែលគេចាត់ទុកជាទ្វីប ថែមទាំងជាប្រទេសផងដែរនោះ។ គួរបញ្ជាក់ថាមានបងប្អូនខ្មែរមួយចំនួនបានទៅដល់ប្រទេសអូស្ត្រាលីហើយ ក៏បានទៅទស្សនាដោយផ្ទាល់នូវគំនូរសិល្បៈវប្បធម៌ខ្មែរលើជញ្ជាំងមួយនេះដែរ ៕
ប្រភព ៖ AMS Infotainment