សម្តេចតេជោ ហ៊ុន សែន ៖ ការធ្វើកិច្ចការកំណែទម្រង់សាធារណៈបច្ចុប្បន្ន គឺមិនលំបាកដូចដែលពេលសម្ដេចធ្វើកំណែទម្រង់តាំងពីដំបូងនោះទេ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា
មុននឹងបានមកដល់សព្វថ្ងៃសម្ដេចត្រូវប្រឈមនឹងគ្រោះថ្នាក់ ដោយការយកជីវិតទៅប្ដូរជាមួយនឹងខ្មែរក្រហម សុទ្ធសឹងជាការប្រថុយប្រថាន មុននឹងការនាំសន្ដិភាពមកកាន់ប្រទេសកម្ពុជា និងការប្រឈមមុខនឹងការធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា នៅក្នុងពេលដែលសភាផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ សម្ដេច បានដាក់ចេញនូវកំណែទម្រង់នយោបាយសំដៅរកការចរចា និងសេដ្ឋកិច្ចសំដៅលើការធ្វើការផ្ដល់កម្មសិទ្ធិឯកជន ដែលគោលនយោបាយនេះគឺខុសពីរបបសង្គមនិយម ដែលមានមនុស្សតិចណាស់ដែលស្គាល់ និងអាចចូលរួមបាន ស្របពេលដែលសម្តេចជួបប្រទះជាមួយនឹងសម្ពាធ ៣ធំៗ រួមមាន៖ សម្ពាធផ្ទៃក្នុង សម្ពាធនៃការចរចា និងសម្ពាធសេដ្ឋកិច្ច សុទ្ធសឹងតែជាកិច្ចការលំបាកដោះស្រាយទាំងអស់ តែក្នុងនាមជាអ្នកដឹកនាំរាជរដ្ឋាភិបាល ត្រូវតែតស៊ូជម្នះធ្វើឱ្យបាន រហូតទទួលបានសមិទ្ធិផលដូចសព្វថ្ងៃនេះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជឿលឿន៕