សម្តេចតេជោ ហ៊ុន សែន៖ ប្រជាធិបតេយ្យនៅកម្ពុជា បានឈ្នះហើយ
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតឆ្នាំ២០២៣នេះ គឺជាការតស៊ូយ៉ាងពិតប្រាកដរវាងអ្នកគាំទ្រប្រជាធិបតេយ្យ និងអ្នកដែលចង់បំផ្លាញប្រជាធិបតេយ្យតាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែទីបំផុត ប្រជាធិបតេយ្យនៅកម្ពុជា បានឈ្នះហើយ ពោលគឺមានប្រជាជនកម្ពុជាជាង ៨៤% បានចេញទៅបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ចំនួនអ្នកដែលបំផ្លាញសន្លឹកឆ្នោតតាមការញុះញង់របស់អ្នកចង់បំផ្លាញប្រជាធិបតេយ្យនោះ មានត្រឹមតែ៥%តែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យបរទេសទទួលឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលបានចេញទៅបោះឆ្នោតជាង៨៤% ហើយក៏មានអ្នកសង្កេតការណ៍អន្តរជាតិចំនួន៦៥សញ្ជាតិ បានចេញប្រកាសពីភាពត្រឹមត្រូវនៃការបោះឆ្នោតនៅកម្ពុជាផងដែរ៕